ព័ត៌មាន

វ៉ាក់សាំងកូវីដ-១៩ ចំនួន៧០ម៉ឺនដូសទៀត ដែលជាជំនួយរបស់មិត្តចិន បានមកដល់កម្ពុជាហើយ

ភ្នំពេញៈ នៅរាត្រីថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ចំនួន៧០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានដឹកមកដល់ប្រទេសកម្ពុជា ដើម្បីទុកចាក់ជូនដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលវ៉ាក់សាំង និង​ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលចិន ប្រគល់វ៉ាក់សាំងនេះ ព្រមទាំងមានការចូលរួមពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាផងដែរ។
វ៉ាក់សាំង ៧០ម៉ឺនដូស ដែលទទួលនៅរាត្រីនេះ មានពីរចំណែក ក្នុងនោះ ៣០ម៉ឺនដូសប្រគល់ជូនក្រសួងការពារជាតិ និង៤០ម៉ឺនដូសប្រគល់ជូនទៅខាងក្រសួងសុខាភិបាល។ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ៧០ម៉ឺនដូសនេះ គឺជាការផ្តល់ជូនលើកទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន ៦០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា វ៉ាក់សាំងស៊ីណូហ្វាមបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនមានចំនួន៧០ម៉ឺនដូស បានមកដល់កម្ពុជានៅយប់ថ្ងៃទី៣១ ខែមីនា ដោយក្នុង៧០ម៉ឺនដូសនោះ ក្រសួងការពារជាតិទទួលបាន ៣០ម៉ឺនដូស និងក្រសួងសុខាភិបាលចំនួន ៤០ម៉ឺនដូស។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៣០ម៉ឺនដូសដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ផ្តល់មកក្រសួងការពារជាតិ នឹងចាក់ជូនគ្រួសារកងទ័ព និងកងទ័ពដែលនៅសេសសល់មិនទាន់បានចាក់ និងចាក់បំពេញបន្ថែមដល់កងទ័ពនៅម្ជុលទី២ ពីព្រោះមានមួយចំនួនបានចាក់ម្ជុលទី១ រួចហើយ និងដល់ពេលវេលាដែលត្រូវចាក់ម្ជុលទី២។ គោលដៅសំខាន់ គឺគ្រួសារកងទ័ព បើទោះបីជាមិនគ្រប់គ្រាន់ក៏ដោយ ក៏នៅតែបន្តចាក់ជាបន្តទៀត នៅក្នុងជំហានទី២ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងចំនួន ២.៨០០.០០០ (ពីរលានប្រាំបីសែន) ដូសដល់កម្ពុជាក្នុងនោះរួមមាន ១.៣០០.០០០ដូសជាអំណោយ និង ១.៥០០.០០០ដូស ជាការលក់មកឱ្យកម្ពុជាក្នុងតម្លៃពិសេស។សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៧៤៥.០០០នាក់ សម្រាប់វ៉ាក់សាំង ១,៥លានដូស ចាប់ពីថ្ងៃទី០១ ខែមេសា ។
adm

Leave a Reply

Your email address will not be published. Required fields are marked *