នាយករដ្ឋមន្ត្រីថៃ លោក ស្រេថា ថាវីស៊ីន (Srettha Thavisin) បាននិយាយថា លោកមិនបានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា លោកបានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ជាទីប្រឹក្សារបស់លោកនោះទេ។
ថ្លែងទៅកាន់បណ្ដាអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានសុវណ្ណភូមិអំឡុងពេលដែលលោកត្រឡប់មកពីសហរដ្ឋអាមេរិកដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្ត្រី ស្រេថា បានលើកឡើងថា ៖ «ប្រព័ន្ធផ្សព្វផ្សាយថៃបានបកស្រាយខ្លឹមសារខុស ជុំវិញការលើកឡើងរបស់ខ្ញុំ ពាក់ព័ន្ធនឹងលោក ថាក់ស៊ីនអំឡុងពេលដែលខ្ញុំបានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក»។
លោកបានបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍នោះ លោកគ្រាន់តែនិយាយថា លោកអាចនឹងធ្វើការពិគ្រោះយោបល់ជាមួយលោក ថាក់ស៊ីន ដូចដែលលោកធ្លាប់បានពិភាក្សាជាមួយនឹងអតីតនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ដទៃៗទៀតដូចជា លោក អាណាន់ ប៉ាន់យ៉ារ៉ាឈុន (Anand Panyarachun) និងលោក សុំឆៃ វង្សសាវ៉ាត់(Somchai Wongsawat) ជាដើម។ ប្រភពព័ត៌មាន៖ Thai PBS World