រដ្ឋមន្រ្តីទេសចរណ៍ហ្វីលីពីន លោកស្រី Christina Frasco បានថ្លែងថា ភ្ញៀវទេសចរបរទេសច្រើនជាង ៣.៨លាននាក់បានធ្វើដំណើរមកលេងកំសាន្តប្រទេសហ្វីលីពីន គិតចាប់តាំងពីខែមករា ឆ្នាំ២០២៣នេះ។
រដ្ឋមន្រ្តីទេសចរណ៍ហ្វីលីពីន លោកស្រី Christina Frasco បាននិយាយនៅក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មទេសចរណ៍ ដែលរៀបចំដោយរដ្ឋាភិបាលថា គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ហ្វីលីពីនទទួលបានភ្ញៀវអន្តរជាតិច្រើនជាង ៣.៨លាននាក់ ពោលគឺស្មើនឹង ៨០ភាគរយ នៃអ្នកធ្វើដំណើរបរទេសចំនួន ៤.៨លាននាក់ ដែលនាយកដ្ឋានទេសចរណ៍កំណត់គោលដៅឈានដល់គិតត្រឹមចុងឆ្នាំនេះ។
លោកស្រីថា ក្រៅពីគោលដៅស្រូបទាញទេសចរបរទេសចំនួន ៤.៨លាននាក់ ប្រទេសហ្វីលីពីនក៏មានគោលបំណងស្វាគមន៍ភ្ញៀវទេសចរក្នុងស្រុកជាង ៨៥លាននាក់នៅឆ្នាំនេះផងដែរ។
យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ហ្វីលីពីនទទួលបានភ្ញៀវទេសចរបរទេសជាង ២.៦៥លាននាក់ក្នុងឆ្នាំ ២០២២ ទទួលបានប្រាក់ចំណូលចំនួន ៣.៨៤ពាន់លានដុល្លារ ស្មើនឹង ៦.២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសហ្វីលីពីន។ ប្រភព៖ ស៊ីនហួរ