មនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយអំពាវនាវឱ្យមានវិធានការបន្ទាន់ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ មុនពេលបើកមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្សេងៗ រួមមាន AFP និងរ៉យទ័រ។
ក្រុមអ្នកតវ៉ាមកពីអង្គការ និងក្រុមសកម្មជនប្រហែល ៧០០ អង្គភាព បានចូលរួមក្នុងការប្រមូលផ្តុំកាលពីថ្ងៃអាទិត្យ ដោយស្រែកថា អនាគតរបស់មនុស្សជាតិពឹងផ្អែកលើការបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងកាន់សញ្ញាដែលមានសរសេរថា «ឥន្ធនៈហ្វូស៊ីលកំពុងសម្លាប់យើង» និង «ខ្ញុំមិនបានបោះឆ្នោតដើម្បីឱ្យមានភ្លើងឆេះ និងទឹកជំនន់នោះទេ»។
ក្រុមអ្នកតវ៉ា ក៏បានស្រែកទាមទារឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលត្រៀមខ្លួនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតមួយអាណត្តិទៀតនៅឆ្នាំក្រោយនោះ បញ្ឈប់ការអនុម័តលើគម្រោងប្រេង និងឧស្ម័នថ្មី បញ្ឈប់គម្រោងបច្ចុប្បន្ន និងប្រកាសពីភាពអាសន្នអាកាសធាតុជាដើម។