រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឥតគិតថ្លៃ រយៈពេលមួយខែហើយនឹងមិនអនុញ្ញាតឲ្យបុគ្គលណាដែលមិនគោរពតាមការណែនាំ។
យោងតាមសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូនលើកឡើងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) គឺជាផ្លូវល្បឿនលឿន ដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាផ្លូវដែលតម្រូវឱ្យបង់ប្រាក់សម្រាប់ការប្រើប្រាស់ផ្លូវនេះ។
ក្រសួងបន្តថា ក្នុងន័យដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ផ្លូវល្បឿនលឿនដល់សាធារណជនឱ្យបានទូលំទូលាយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនវិនិយោគបានសម្រេចអនុញ្ញាតឱ្យសាធារណជនដែលជាអ្នកបើកបរយានយន្តប្រើប្រាស់ផ្លូវល្បឿនលឿននេះដោយឥតគិតថ្លៃក្នុងរយៈពេល១ខែគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
សូមបញ្ជាក់ជូនថា យានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវល្បឿនលឿនរួមមាន៖ រថយន្តគ្រប់ប្រភេទដែលមានល្បឿនអតិបរិមាលើសពី ៧០គ.ម/ម៉ោង (កំណត់ពីរោងចក្រ) និងទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៥០០cc ឡើងទៅ។
ជាមួយគ្នានោះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមយកឱកាសនេះក្រើនរំលឹកដល់សាធារណជនសូមមេត្តាចូលរួមគោរពបទបញ្ជា និងសេចក្តីណែនាំនានាឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្ការគ្រោះថ្នាក់ជាយថាហេតុចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករផ្លូវល្បឿនលឿនមានសិទ្ធិបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយប្រើប្រាស់ផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីមិនអនុវត្តតាមការណែនាំ៕