(ខេត្តកណ្តាល)៖ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូន សាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកមេត្តាជ្រាបថា គណនីហ្វេសបុកឈ្មោះ Ah Mey Mey បានធ្វើការបង្ហោះផ្សព្វផ្សាយព័ត៌មានបំពុលសង្គមលើគណនីហ្វេសបុករបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
សូមបញ្ជាក់ជូនថា ករណីនេះមិនមែនជាលើកទីមួយទេ ដែលបក្ខពួកក្រុមជនអនាមិកបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងនោះក៏មានស្នងការនគរបាលខេត្តតាកែវ,កំពត,កោះកុង,កែប ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ដែលបក្ខពួកក្រុមនេះបង្ហោះផ្សព្វផ្សាយនូវខ្លឹមសារប្រហាក់ប្រហែលគ្នានេះដែរ។
ជាថ្មីម្តងទៀត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់សាធារណជនដែលនិយមតាមដានបណ្ដាញសង្គម សូមបញ្ឈប់នូវការចែករំលែករាល់ព័ត៌មានប្រឌិតទាំងនេះ និងចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការស្រាវជ្រាវវែកមុខជនល្មើសមកផ្តន្ទាទោស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់បងប្អូនដែលបានយល់អំពីទង្វើទុច្ចរិតរបស់ក្រុមជនមួយក្តាប់តូចបាននិងកំពុងប្រើប្រាស់បណ្តាញសង្គមហ្វេសបុកបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាននិងកុំមានការភាន់ច្រឡំ៕