ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

សិស្សសាលាដួលសន្លប់បន្តបន្ទាប់នាំគ្នាធ្វើចលនាជួយសង្គ្រោះ បញ្ជូនទៅកាន់ក្រុមគ្រួសារយកទៅព្យាបាល ខណៈអាជ្ញាធរថា ករណីនេះកើតឡើងពីរលើកមកហើយ

ស្ទឹងត្រែង៖សិស្សស្រីអនុវិទ្យាល័យទួលមាសអូររៃ ចំនួន៣នាក់ទៀតហើយ បានដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានលោកគ្រូ អ្នកគ្រូសិស្សានុសិស្សនាំគ្នាធ្វើចលនាជួយសង្គ្រោះ រួចបញ្ជូនទៅកាន់ក្រុមគ្រួសារយកទៅព្យាបាល។

ហេតុការណ៍សិស្សសន្លប់នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចសាលាអនុវិទ្យាល័យទួលមាសអូររៃ ស្ថិតក្នុងភូមិអូររៃ ឃុំអូររៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក វ៉ាន់ នីម នាយកវិទ្យាល័យទួលមាសអូររៃ បានឲ្យដឹងថា នៅឆ្នាំ២០២២នេះចាប់ពីដើមឆ្នាំរហូតមកទល់ពេលនេះមានកើតករណីសិស្សដួលសន្លប់ចំនួនពីរលើកមកហើយ លើកទី១ មានចំនួន៧នាក់ ហើយនៅថ្ងៃទី១២នេះ មានចំនួនន​បីនាក់។

លោកនាយកសាលាបានបញ្ជាក់បន្ថែមថា នៅមុនកើតហេតុនោះ សិស្សស្រីទាំងបីនាក់ថាមានសភាពដូចជា ឈឺក្បាលវិលមុខបន្ទាប់មកក៏បាត់មាត់បាត់កសន្លប់នៅលើតុ ត្រូវបានគ្រូ និងសិស្សក្នុងថ្នាក់ជួយធ្វើចលនា រួចមកពួកគាត់ក៏រាងដឹងខ្លួនតែនិយាយរវើរវាយខុសពីធម្មតា ហើយក៏បានបញ្ជូនយកទៅឲ្យក្រុមគ្រួសារយកទៅព្យាបាល។

លោក ឈូក ឌី មេឃុំអូររៃ ក៏បានឲ្យដឹងដែរថា ករណីសិស្សស្រីទាំងបីនាក់នេះកើតឡើងក្នុងចំណោមសិស្សស្រី៧នាក់ដែលធ្លាប់កើតពីលើកមុន មានអាការៈដូចគ្នា ហើយត្រូវបានខ្លះគេសន្និដ្ឋានថា ជាអបិយជំនឿ មានខ្មោចអារុកអារក្សអ្នកតាចូល។ លោកមេឃុំបន្តថា ក្រោយពីមានហេតុការណ៍នេះ លោកនាយកសាលាមេភូមិមេឃុំ និងអាណាព្យាបាលរួមទាំងប្រជាពលរដ្ឋបានធ្វើការសូត្រប្រោសព្រំក្នុងអនុវិទ្យាល័យនេះ ដើម្បីសុំសេចក្តីសុខសេចក្តី​ចម្រើនដល់សិស្សានុសិស្សក្នុងសាលានេះផងដែរ។

លោកមេឃុំបន្តថា នៅថ្ងៃ១២ ខែកញ្ញានេះ ក៏មានខាងមន្ទីរអប់រំ និងមន្ត្រីសុខាភិបាលបានចុះទៅពិនិត្យដល់សាលារកពីមូលហេតុ។ ក្រោយពីការពិនិត្យពីមន្ត្រីសុខាភិបាលពីអាការៈសិស្ស និងពិនិត្យមើលឈាមជាតិស្ករនោះ លោកបានសន្និ​ដ្ឋាន​ថា ដោយសារសិស្សស្រីទាំងនោះខ្វះជាតិស្ករខ្វះឈាម អាហារូបត្ថម្ភមិនបានគ្រប់គ្រាន់ ទើបមានអាការៈបែបនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកញ្ញា កន្លងមកនេះ ក៏មានសិស្សសាលាអនុវិទ្យាល័យសេសានចំនួន១០នាក់ដៃរដែលកើតអាការៈបែបនេះ ។ ហើយនៅថ្ងៃទី១២ ខែកញ្ញានេះសិស្សនុវិទ្យាល័យទួលមាសអូររៃ៣នាក់ ក៏កើតអាការៈបែបនេះផងដែរ។ ក្រោយពីរសិស្សទាំងនោះត្រូវបានព្យាបាល និងបន់ស្រន់តាមរបៀបអបិយជំនឿផងនោះ បានជាសះស្បើយអស់ហើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *