បុរសម្នាក់ដែលស្រវឹងស្រាជ្រោគជាំ បានយកពូថៅកាប់ប្រពន្ធខ្លួនឯងរហូតស្លាប់ក្រោយពីមានទំនាស់ពាក្យសម្តី ហើយបានបន្តទៅកាប់អ្នកជិតខាងរងរបួស រួចក៏រត់ទៅចងកសម្លាប់ខ្លួនឯង។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ នៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។
ជនបង្កត្រូវបញ្ជាក់ថា មានឈ្មោះ ឆែម ទក ភេទប្រុស អាយុ៣៤ ឆ្នាំ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាខាងលើនោះ ជនរងគ្រោះឈ្មោះ សាន ចាន់ ដែលជាប្រពន្ធជនបង្ក កំពុងនៅផ្ទះ ហើយក៏មានទំនាស់ពាក្យសម្តីជាមួយជនសង្ស័យ ភ្លាមនោះ ជនសង្ស័យឈ្មោះ ឆែម ទក ស្រវឹងស្រា បានយកពូថៅកាប់ទៅលើប្រពន្ធត្រូវក្បាលផ្នែកខាងក្រោយ ២ពូថៅ បណ្តាលឲ្យស្លាប់ បន្ទាប់មកជនសង្ស័យ បានដើរទៅកាប់ ជនរងគ្រោះ ឈ្មោះ ឃាន់ សុខាន់ ភេទស្រី ដែលកំពុងដេកលើអង្រឹងក្រោមផ្ទះគាត់ ចម្ងាយពីផ្ទះជនសង្ស័យ ៣០ម៉ែត្រ ត្រូវចំ ក ១ពូថៅបណ្តាលឲ្យរបួស ហើយពេលនោះជនរងគ្រោះ ឈ្មោះ ឃាន ឆាត ភេទប្រុស ក៏ស្ទុះទៅជួយ ហើយក៏ត្រូវជនសង្ស័យ កាប់ត្រូវ ដៃឆ្វេង១ពូថៅ បណ្តាលឲ្យរបួស។
ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានកាន់ពូថៅរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុភ្លាមនោះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុ ធ្វើការស្វែងរក ចាប់ជនសង្ស័យ រហូតដល់ម៉ោង ១០ និង ០០នាទី ព្រឹកថ្ងៃទី២០ ខែកញ្ញានេះ ទើបសមត្ថកិច្ចរកឃើញជនស័ង្សយចងកធ្វើអត្តឃាតសម្លាប់ខ្លួន ដោយចងកនិងខ្សែនីឡុងនៅដើមព្រីងត្រង់ចំណុចព្រៃវាលស្រែនៅខាងលិចផ្ទះជនរងគ្រោះ ប្រហែល ៥០០ម៉ែត្រ៕