ភ្នំពេញ ៖ យោងតាមគណនីអាខោនហ្វេសបុកឈ្មោះYA Nick ដែលត្រូវជាប្អូនបង្កើតជាមួយនឹងសពបុរសខាងលើ បានធ្វើការ Liveផ្ទាល់ និងមានសំណេរ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ បានរៀបរាប់ថា បងប្រុសខ្ញុំគេចោទថាជាជនសង្ស័យចាប់បងប្រុសខ្ញុំ ទៅសង្កាត់គោករកា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ៣ រសៀល ពេលគេចាប់បងខ្ញុំទៅគ្មានរបួសស្នាមអីទាំងអស់ សុខភាពនៅធម្មតា។ ហើយដល់ពេលម៉ោង ៦ រសៀល ម៉ាក់ខ្ញុំចង់ជួបបងប្រុសខ្ញុំ ដើម្បីយកបាយទៅឲ្យបងខ្ញុំ។ ខាងប៉ូលិសមិនឲ្យជួបទេ។ ដល់ពេលនៅម៉ោង ៩និង០០នាទី យប់ គេក៏បញ្ជូនបងខ្ញុំទៅខណ្ឌព្រែកព្នៅវិញ ។ ព្រឹកឡើងថ្ងៃទី ២៦ម៉ាក់ខ្ញុំ ឲ្យបងស្រីខ្ញុំទាំងពីរយកបាយទៅឱ្យ តែប៉ូលិសមិនឲ្យចូលទេ។ ទាល់តែមានថ្លៃគុយទាវ និងកាហ្វេ ទើបឲ្យចូល។ ហើយដល់ថ្ងៃទី ២៧ ខែសីហា ២០២២ វេលាម៉ោង ៣ជាងជិត៤ ក៏យកបាយទៅឱ្យបងខ្ញុំម្ដងទៀត។
គណនីអាខោនហ្វេសបុកឈ្មោះYA Nick បានបន្តថា ម៉ាក់ខ្ញុំនិងបងស្រីខ្ញុំ ឈរបានមួយសន្ទុះ ក៏ឮសំឡេងស្រែកចេញពីក្នុងខណ្ឌថា ជួយផងៗ ស្រាប់តែមួយសន្ទុះក្រោយមកទៀត ក៏ម៉ាក់ខ្ញុំនិងបងស្រីខ្ញុំ ឃើញពូលិសសែងបងប្រុសខ្ញុំចេញមកក្រៅ។ ម៉ាក់ខ្ញុំឃើញបងប្រុសខ្ញុំ ប្រកាច់ក៏រត់ទៅឱប តែប៉ូលិសមិនឲ្យប៉ះជាដាច់ខាត។ ហើយនិយាយពាក្យអសុរោះយ៉ាងខ្លាំង រៀនខាងច្បាប់ដែរ តែសំដីដូចសត្វ ។ ពេលបញ្ជូនបងប្រុសខ្ញុំទៅមន្ទីរពេទ្យ ឃើញមានស្លាកស្នាមច្រើនកន្លែង។ ហើយសន្លប់រយៈពេល ៧ ថ្ងៃ ឥឡូវបងប្រុសខ្ញុំ បានបាត់បង់ជីវិតនៅថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២២ វេលាម៉ោង ៤និង៣០រសៀល។ សូមខាងច្បាប់ ជួយរកយុត្តិធម៌ឱ្យឲ្យបងប្រុសខ្ញុំផង ។ បងខ្ញុំ គ្រាន់តែជាជនសង្ស័យតែប៉ុណ្ណោះ ៕