ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារបុរសជាប្តីជះកំហឹងកា.ប់ចំនួន៤ពូថៅហើយរត់គេចខ្លួនបាត់ ។ ក្រោយកើតហេតុ សាច់ញាតិបានបញ្ជូនស្ត្រីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកបុរសជាប្តី ត្រូវសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២២ នៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
បុរសជាប្តីឈ្មោះសោម ផេន ភេទប្រុស អាយុ62ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធឈ្មោះតង់ សុខ អាយុ65ឆ្នាំ រងគ្រោះរងរបួសចំមាត់ខាងស្តាំ១ពូថៅ ចំដៃខាងឆ្វេង២ពូថៅ ចំកខាងស្ដាំ១ពូថៅ ។ គ្រួសារនេះមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោងកើតហេតុខាងលើមានករណីប្រើអំពើហិ.ង្សាបង្កឡើងដោយបុរសជាប្តីបានធ្វើសកម្មភាពយកពូថៅកា.ប់ប្រហារទៅលើប្រពន្ធចំនួន៤ពូថៅ បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ ខណ:កំពុងដេកនៅលើផ្ទះ ។ បន្ទាប់ពីបង្កហេតុរួច បុរសជាប្តីបានរត់គេចខ្លួនបាត់ បន្សល់ទុកតែវត្ថុតាងនៅកន្លែងកើតហេតុ ។ រីឯស្ត្រីរងគ្រោះត្រូវបានសាច់ញាតិកូនចៅដឹកបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យ។
ពាក់ព័ន្ធនឹងមូលហេតុ មិនទាន់ដឹងនៅឡើយទេ ព្រោះស្ត្រីរងគ្រោះមិនអាចនិយាយបាន ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្វែងរកជនដៃដល់ ដើម្បីឃាត់ខ្លួនយកមកប្រគល់អោយច្បាប់ចាត់ការតាមនីតិវិធី៕