ខេត្តកំពង់ឆ្នាំង ៖ រយៈពេលពីរបីថ្ងៃនេះ ស្ថានភាពជំនន់ទឹកភ្លៀងបានហូរតាមព្រែកកាត់លើផ្លូវខ្នងទំនប់បារាំង ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ធ្វើឱ្យការធ្វើដំណើរដោយថ្មើរជើង និងដោយម៉ូតូ ជួបនឹងហានិភ័យខ្ពស់ ព្រោះចរន្តទឹកហូរខ្លាំងអាចបង្កអោយមានគ្រោះថ្នាក់ លុះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ អាជ្ញាធរក្រុងកំពង់ឆ្នាំង ក៏បានសម្រេចបិទការធ្វើចរាចរណ៍តាមផ្លូវខ្នងទំនប់បារាំងនេះ និងជួសជុលស្ពានមួយកន្លែងសម្រាប់ការធ្វើដំណើរជំនួសវិញ ។
លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានមានប្រសាសន៍ថា អនុវត្តតាមការណែនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកបានដឹកនាំក្រុមការងារ និងបានជួលប្រជាពលរដ្ឋអោយរើកំប្លោកចេញពីក្នុងព្រែកក្រោមស្ពានឈើ ដើម្បីអាចឲ្យទូកដរ ឆ្លងទៅភូមិកណ្ដាលបាន និងបានជួសជុលស្ពានឈើទ្រុឌទ្រោមខាងលើនេះផងដែរ ដើម្បីជួយសម្រួលឲ្យប្រជាពលរដ្ឋអាចដើរឆ្លងទៅមក បានពីភូមិកណ្ដាលមកផ្សារក្រោម ។
លោកបន្តថា ចំណែកផ្លូវលើខ្នងទំនប់បារាំងវិញ លោកបានអោយសមត្ថកិច្ចធ្វើផ្លាកបិទជាការជូនដំណឹងនៅសងខាងផ្លូវ ហាមឃាត់មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តាមខ្នងទំនប់បារាំង ដែលកំពុងមានទឹកហូរខ្លាំងនោះឡើយ ដើម្បីបញ្ជៀសគ្រោះថ្នាក់ជាយហេតុ ។
លោក យិន សាវ៉េន បានបន្តថា ការជួសជុលស្ពានអោយប្រជាពលរដ្ឋបានធ្វើដំណើរនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានជួយឧបត្ថម្ភថវិកាចំនួន៨០ម៉ឺនរៀល និងលោក ផ្ទាល់បានជួយឧបត្ថម្ភថវិកា៣០ម៉ឺនរៀលផងដែរ ទើបជួលកម្មករ រើកំប្លោកចេញអស់ និងទិញឈើមួយចំនួនមកជួសជុលស្ពានឈើទ្រុឌទ្រោមខាងលើនេះ ឱ្យដំណើរការដើរឆ្លងបានឡើងវិញ ។ ប៉ុន្តែម៉ូតូមិនអាចបើកឆ្លងស្ពាននេះបានទេ ព្រោះតែនៅក្បាលស្ពានផ្នែកខាងលិច ត្រូវដើរឡើងតាមជណ្ដើរកម្ពស់ជិត៤ម៉ែត្រ។ហើយប្រជាពលរដ្ឋនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ដែលត្រូវធ្វើដំណើរស្ពាននេះ សូមថ្លែងអំណរគុណដល់លោកអភិបាលក្រុង និងឯកឧត្តមអភិបាលខេត្ត ព្រមទាំងក្រុមការងារទាំងអស់
ដែលបានយកចិត្តទុកដាក់ និងចេញទាំងថវិកាដោះស្រាយនៅផលលំបាកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕