វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែកក្កដា ម្សិលមិញ បានចាប់សិស្សប្រុសកាត់សក់ខ្លីយកម៉ូដតែមួយដូចៗគ្នាតាមការកំណត់របស់សាលា។ មន្ទីរអប់រំ យុវជន និង កីឡាខេត្តព្រះសីហនុ បានបញ្ជាក់ថា ការកំណត់ម៉ូដសក់បែបនេះ គឺអនុវត្តតាម«សេចក្តីណែនាំ ស្តីពីការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន» របស់ក្រសួងអប់រំ យុវជន និងកីឡា។
ប៉ុន្តែ ការចាប់សិស្សប្រុសៗកាត់សក់បែបនេះ ត្រូវបានមហាជនមួយចំនួនបានសរសេររិះគន់តាមបណ្តាញសង្គមហ្វេសប៊ុក។ គណនីហ្វេសប៊ុកមួយឈ្មោះថា «Jay Den» បានបញ្ចេញមតិយ៉ាងដូច្នេះថា៖ «នៅប្រទេសសេរី និងអភិវឌ្ឍន៍ គេមិនដាក់គំនាបបែបនេះទេ ការតុបតែងខ្លួន និងម៉ូតសក់គ្រាន់តែជាសិល្បៈមួយតែប៉ុណ្ណោះ»។ ម្ចាស់គណនីដដែលនេះ បន្តថា៖ «បើសិនជាសាលាល្អ ការអប់រំល្អ សិស្សនៅតែរៀនពូកែ ព្រោះមនុស្សគេមិនមើលតាមការតែងខ្លួននោះទេ»។
ចំណែក គណនីហ្វេសប៊ុកមួយទៀតឈ្មោះថា «Pov Pich Oudom» ក៏បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះការបង្ខំឱ្យសិស្សកាត់សក់តាមសាលាកំណត់នេះដែរ។ គណនី«Pov Pich Oudom» បានលើកឡើងថា ត្រូវរៀនយកចិត្តអ្នកដទៃមកដាក់ចិត្តខ្លួនឯងខ្លះផង នេះ គឺជាសិស្ស មិនមែនអ្នកទោសទេ។ គណនីដដែលនេះ ថា ការធ្វើបែបនេះ បានប៉ះពាល់ដល់អារម្មណ៍សិស្សានុសិស្សយ៉ាងខ្លាំង ហើយអាចជាសម្ពាធដល់សិស្ស ជាហេតុនាំឱ្យពួកគេលែងចង់រៀន រហូតបោះបង់ការសិក្សា ព្រោះតែទង្វើបែបនេះ។
ឆ្លើយតបនឹងមតិរិះគន់ទាំងនេះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានអះអាងថា ជាធម្មតាសិស្សានុសិស្សមានភារកិច្ចគោរពវិន័យ ក៏ដូចជា តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា។ ក្នុងនោះ ការកាត់សក់ខ្លី ជាកាតព្វកិច្ចមួយរបស់សិស្ស ប៉ុន្តែ បើសិស្សពេញចិត្តម៉ូដសក់ដូចការកំណត់របស់សាលា គឺជាការល្អបំផុត។
មន្ទីរអប់រំខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការកាត់សក់ខ្លីបែបនេះ ក៏អាចថា ជាការដាក់វិន័យចំពោះតែ សិស្សានុសិស្សទំនើងដែលទុកសក់វែង មិនមានរបៀបរៀបរយ ឬលាបពណ៌សក់ប៉ុណ្ណោះ។ ប៉ុន្តែ បើក្នុង ករណីសិស្សានុសិស្សទាំងឡាយ ខិតខំរៀនសូត្រ និងគោរពវិន័យតាមបទបញ្ជាផ្ទៃក្នុងរបស់សាលា កុំបារម្ភ ពីបញ្ហាសាលាឱ្យកាត់សក់បែបនេះ។
ប៉ុន្តែ ទោះជាដូច្នេះក្ដី មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ក៏បានជំរុញឱ្យសិស្សានុសិស្សទាំងអស់ ត្រូវរៀបចំខ្លួនប្រាណ និងកាត់សក់ខ្លីតាមទម្រង់មុខរៀងៗខ្លួន មានឯកសណ្ឋានសិស្ស ដែលកំណត់តាម បទបញ្ជាផ្ទៃក្នុងរបស់សាលា៕