សៀមរាប៖ ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារនា ឆ្នាំនេះ ក្រោមប្រធានបទ “ធ្វើសកម្មភាពរួមគ្នា ដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពជាវិជ្ជមាន” គឺជាយុទ្ធនាការអន្តរជាតិដែលបានរៀបចំឡើង ដោយរដ្ឋា ភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការ អន្តរជាតិខាងការងារ (ILO) នៅលើសកលលោកជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ កម្មករនិយោជិតដែលបានបាត់បង់ជីវិត រងគ្រោះដោយគ្រោះថ្នាក់ការងារ និងជំងឺ វិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការងារសមរម្យ ប្រកបដោយ សុវត្ថិភាព និងសុខភាពការងារ។
បើយោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញដែរថាលទ្ធផលអង្កេតហានិភ័យ ការងារតាមប្រភេទគ្រោះថ្នាក់ មានសរុបចំនួន ១១.២៥៨នាក់ ស្រីចំនួន ៦.២២០នាក់ ក្នុងឆ្នាំ២០២១ ដែលក្នុងនោះរួមមាន គ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៥.៧២៥នាក់ ស្រីចំនួន ២.៩៨២នាក់ គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៥.៥៣៣នាក់ ស្រីចំនួន ៣.២៣៨នាក់ ដែលចំនួនអ្នកគ្រោះថ្នាក់នេះ មានការថយចុះស្មើនឹងចំនួន ២៥,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២០។
ក្នុងពិធីនេះដែរ លោក អ៊ិត សំហេង បានស្នើឱ្យគ្រប់ភាគីចូលរួមបន្តអនុវត្ត នូវវិធានការបង្ការជាវិជ្ជមានដល់បញ្ហាគ្រោះថ្នាក់ការងារ ក៏ដូចជាបន្តការការពារ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ រួមមាន៖ បង្កើនកិច្ចសន្ទនា សង្គមលើការងារសុវត្ថិភាព និងសុខភាពការងារនៅគ្រប់កន្លែងធ្វើការ ដោយចាត់ ទុកបញ្ហានេះជាសិទ្ធិមូលដ្ឋានអាទិភាពមួយ ដូចសិទ្ធិមូលដ្ឋានដទៃទៀត។ ចូលរួមអនុវត្តការអនុម័តពីការបញ្ចូលប្រធានបទសុវត្ថិភាព និងសុខភាពការងារជា ការងារស្នូលដែលត្រូវយកចិត្តទុកដាក់ក្រោយពេលបន្ថែមចូលទៅក្នុងអនុសញ្ញាលេខ ១៥៥ និង ១៨៧ ដែលមានស្រាប់កន្លងមក។ ចូលរួមចែករំលែកនូវការអនុវត្តល្អៗ និងបទពិសោធន៍របស់និយោជក និងកម្មករនិយោជិត ពីសហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន ទៅសហគ្រាសផ្សេងៗទៀត។
បន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ និងត្រូវណែនាំដល់ កម្មករនិយោជិតឱ្យធ្វើអនាម័យដៃជាប្រចាំនៅកន្លែងធ្វើការ។ បង្កើនការយក ចិត្តទុកក្នុងការបាញ់សម្លាប់មេរោគនៅតាមកន្លែងធ្វើការ អគារផលិតកម្ម និងកន្លែង ប្រើប្រាស់រួមគ្នា និង ធានាថាមានការរក្សាគម្លាតសង្គមនៅកន្លែងធ្វើការ និងក្រៅ តាមដែលអាចធ្វើទៅបាន និងណែនាំដល់កម្មករនិយោជិត ឱ្យពាក់ម៉ាស់ជាប្រចាំ និងប្រកាន់ខ្ជាប់នូវអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន “៣កុំ ៣ការពារ” ៕