ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយកីឡាជនពិការនិងផ្ដល់កម្លាំងចិត្តលើកទឹកចិត្តមុនពេលចេញទៅអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលទេ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នឹងអនុញ្ញាតឲ្យប្រតិភូកីឡាជនពិការកម្ពុជា ដែលមាន១១ប្រភេទកីឡាចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ នៅវិមានសន្តិភាព មុនពេលចេញទៅចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី នាចុងខែកក្កដានេះ។
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

បើតាមលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ប្រតិភូកីឡាជនពិការកម្ពុជា គឺពិតជាសំខាន់ខ្លាំងណាស់ដែលប្រតិភូនឹងទទួលបានអនុសាសន៍ណែនាំ និងការលើកទឹកចិត្តដ៏សំខាន់មុនការចេញទៅប្រកួត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ដល់ប្រតិភូអត្តពលិក គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្ដាល និងភាគីពាក់ព័ន្ធទាំងអស់។

គួរបញ្ជាក់ថា កម្ពុជានឹងបញ្ជូន១១ប្រភេទកីឡាទៅចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ រួមមាន ៖ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា។

សូមរម្លឹកថា នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជាដណ្តើមបានមេដាសរុបចំនួន ១០គ្រឿង ក្នុងនោះប្រាក់៥ និង៥សំរិទ្ធ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *