ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលគម្រោងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោយភ្ជាប់ទំនាក់ទំនងឡើងវិញ កម្ពុជាសម្រេចបាននូវសុខសន្តិភាពនៅដើមទសវត្សរ៍៩០ ដោយជប៉ុន បានដើរតួនាទីសំខាន់ក្នុងការចូលរួមជួយកម្ពុជាតាំងពីដំណាក់កាលចរចា រហូតដល់ពេលបច្ចុប្បន្ន។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណទៅដល់ឯកអគ្គរាជទូត មន្ត្រីការទូតគ្រប់ជំនាញ ក៏ដូចជាទីភ្នាក់ងារ JICA រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែបានជួយដល់កម្ពុជា។
សម្ដេច ថា ទោះបីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៧០ឆ្នាំមកនេះ ទោះបីមានផ្លូវរលាក់ខ្លះ កន្លែងខ្លះក៏ដាច់ដំណរ ប៉ុន្តែក្រោយភ្ជាប់ឡើងវិញកម្ពុជាសម្រេចបាននូវសុខសន្តិភាពនៅដើមទសវត្សរ៍៩០ ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការចូលរួមជួយកម្ពុជាតាំងដំណាក់កាលចរចា រហូតដល់ពេលបច្ចុប្បន្ន។