ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលខេត្តសៀមរាបសហការរវាងសមាគមអភិបាលក្រុងនិយមនិយាយបារាំង ហៅកាត់ថា AIMF បង្កើតកន្លែងកែច្នៃជីសរីរាង្គ ចេញពីកាកសំណល់លូទឹកស្អុយ

(សៀមរាប)៖ គម្រោងផលិតជីសរីរាង្គ ដែលស្ថិតក្រោមកិច្ចសហការរវាងសមាគមអភិបាលក្រុងនិយមនិយាយបារាំង ហៅកាត់ថា AIMF និងរដ្ឋបាលខេត្តសៀមរាប បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ ពិធីបើកការដ្ឋានត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

គម្រោងនេះ មានគោលបំណងផលិតជីសរីរាង្គ ដែលកែច្នៃភក់ចេញពីកាកសំណល់លូទឹកស្អុយ ធ្វើជីកសិកម្ម ជីមមោគ ដោយបង្កើតខ្សែច្រវ៉ាក់ផលិតជីសរីរាង្គជីមមោគឱ្យប្រសើរឡើង ផ្គត់ផ្គង់តាមតម្រូវការក្នុងវិស័យកសិកម្ម។ គម្រោងនេះគ្រោងប្រើប្រាស់ថវិកាហិរញ្ញប្បទាន ១.៧លានអឺរ៉ូ ដោយរដ្ឋបាលខេត្តសៀមរាបជាម្ចាស់គម្រោង។

ចំពោះរចនាសម្ព័ន្ធគ្រប់គ្រងស្ថានីយផលិតជីសរីរាង្គនេះ មានការសាងសង់ស្ថានីយកែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់ និងដាំប្រភេទរុក្ខជាតិដើមត្រែង មានសមត្ថភាពផ្ទុកបាន ៤៥ម៉ែត្រគូបក្នុងមួយថ្ងៃ អាចផលិតជីមមោគតាមការប៉ាន់ប្រមាណបាន ១,០០០គូបក្នុងមួយឆ្នាំ មិនមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពទឹក ដែលហូរចេញចេញពីអាងចម្រោះឡើយ។

ថ្លែងក្នុងពិធីនោះ លោក ប្រាក់ សោភ័ណ បានបញ្ជាក់ថា គម្រោងនេះ មានសារៈសំខាន់ណាស់សម្រាប់ខេត្តសៀមរាប ក្នុងការកែច្នៃកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងគុណវិស័យខ្សែសង្វាក់ នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករ។

លោកបានបន្តថា ជីមមោគនេះ មានគុណភាពសម្រាប់វិស័យកសិកម្ម ជាពិសេសសម្រាប់ដីដែលអស់ជីវជាតិ នៅពេលប្រើប្រាស់ជីនេះ ធ្វើឱ្យដីនោះមានជីវជាតិអាចធ្វើឱ្យកសិករបង្កបង្កើនផលទទួលបានទន្និផលខ្ពស់។ សម្រាប់ដំណើរការផលិតជីនេះ គឺត្រូវប្រើពេល៥ឆ្នាំទើបបានផល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *