ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមជាមួយអ្នកសារព័ត៌មាន និងអង្គការ សមាគមសារព័ត៌មាន អបអរសារទរទិវាសេរីភាពសារព័ត៌មានពិភពលោក៣ឧសភាដែលឆ្នាំ២០២២នេះអង្គការយូណេស្កូបានជ្រើសយកប្រធានបទ“សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល»។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាកត់សំគាល់ឃើញថានិន្នាកាវិវត្តន៍ឥតឈប់ឈរនៃបច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃហើយក៏បានជះឥទ្ធិពលជាវិជ្ជមាននិងអវិជ្ជមានលើគ្រប់វិស័យសង្គម រួមទាំងលើវិស័យព័ត៌មានផងដែរ។ សូម្បីនៅប្រទេសជឿនលឿនក៏បានសម្តែងក្ដីព្រួយបារម្ភពីឥទ្ធិពលរបស់បច្ចេកវិទ្យាឌីជីថល លើបញ្ហាសន្តិសុខជាតិ ដំណើរការប្រជាធិបតេយ្យ ការបង្កើតព័ត៌មានក្លែងក្លាយនិងជាពិសេសលើប្រព័ន្ធការគិតរបស់កុមារ។
ក្នុងន័យនេយើងត្រូវទទួលយកការពិតថាយើងមិនអាចគេចចេញពីតម្រូវការបច្ចេកវិទ្យាឌីជីថលបានទេ ក៏ប៉ុន្តែ យើងត្រូវចាប់យកនិងប្រើប្រាស់ ឌីជីថលដោយវាងវៃដើម្បីជាមធ្យោបាយជំរុញការរីកចម្រើននៃជីវភាពសង្គមនិងសេដ្ឋកិច្ចជាតិយើង។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញផ្ទុយពី អង្គការ សមាគម និងក្រុមអ្នករិះគន់ខ្លះ ដែលបានលើកឡើងថា ប្រព័ន្ធឌីជីថល គឺជាសម្ពាធនិងបង្កើតនូវស្ថានភាពខ្មៅងងឹតនៅក្នុងបរិយាកាសនៃសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
ស.ស.ស.កសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្នុងវិស័យព័ត៌មាននិងអ្នកសារព័ត៌មានសូមកុំបណ្ដោយខ្លួនឱ្យទៅអ្នកទន់ជ្រាយរំអួយឬសម្ដែងធ្វើជាជនរងគ្រោះក៏ប៉ុន្តែគប្បីខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ប្រកបដោយប្រាជ្ញាញាណ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយភាពច្នៃប្រឌិត ក្នុងការបង្កើតបាននូវកាលានុវត្តភាពនិងមានសារប្រយោជន៍ដល់សង្គមជាតិ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាសូមគាំទ្រដល់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជានិងដៃគូនានាក្នុងការប្រឹងប្រែងរៀបចំគោលនយោបាយបទដ្ឋានគតិយុត្តនិងរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីបង្កភាពងាយស្រួលដើម្បីចាប់យកឌីជីថលមកបង្កើនប្រសិទ្ធភាពសេវាសាធារណៈនិងជួយជំរុញល្បឿនសេដ្ឋកិច្ចសង្គមហើយម្យ៉ាងទៀតក៏អាចការពារបាននូវសុវត្ថិភាពទិន្នន័យការក្លែងបន្លំការលួចការប្រយុទ្ធប្រឆាំងសកម្មភាពអវិជ្ជមានក្នុងប្រព័ន្ធឌីជីថលនិងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែង។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាសូមទាញការចាប់អារម្មណ៍ផងដែរថានៅថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២២ប្រទេសកម្ពុជាយើងនឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលមានសារៈសំខាន់ដល់ដំណើរការប្រជាធិបតេយ្យនៅមូលដ្ឋានស.ស.ស.កសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្នុងវិស័យព័ត៌មាននិងអ្នកសារព័ត៌មានចូលរួមជា«កែវភ្នែកយុត្តិធម៌»តាមរយៈការផ្សព្វផ្សាយនូវ«ព័ត៌មានពិត”ដែលមានគុណតម្លៃដល់ដំណើរការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយ “សេរី ត្រឹមត្រូវ និង យុត្តិធម៌»។ ការចូលរួមជាវិជ្ជមានរបស់យើងគ្រប់ៗគ្នាគ្រប់ដំណើរការរបស់សង្គមជាតិគឺមានតម្លៃពង្រឹងបាននូវស្មារតីភាពជាម្ចាស់ប្រទេសដោយមិនចាំបាច់មានទស្សនៈខាងក្រៅណាផ្តួចផ្តើម វាយតម្លៃ ឬសម្រេច ជំនួសយើង។ យើងជាផ្នែកនៃការទទួលខុសត្រូវរួមលើសមិទ្ធផលសង្គមហើយអ្វីៗទាំងឡាយនៅក្នុងសង្គមជាតិរបស់យើងគឺជាសូចនាករឆ្លុះបញ្ចាំងពីតម្លៃរួមរបស់យើងវិញផងដែរ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាទទួលស្គាល់ថានៅមានបញ្ហាប្រឈមក្នុងវិស័យសារព័ត៌មានដែលរួមមានទាំងបញ្ហាហិរញ្ញវត្ថុសុវត្ថិភាពការងារ និងសិទ្ធិទទួលបានព័ត៌មាន។
ទោះបីជាយ៉ាងណាក៏ដោយស.ស.ស.កសូមលើកទឹកចិត្តដល់អ្នកសារព័ត៌មានបន្តជម្នះការប្រឈមទាំងនេះបន្តបំពេញតួនាទីរបស់ខ្លួនដោយគ្មានការភ័យខ្លាច បន្តប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ សុជីវធម៌និងសេចក្តីថ្លៃថ្នូរហើយរំលឹកជាប់ជាប្រចាំនូវប្រយោគមួយឃ្លាដ៏មានតម្លៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល៖ – កុំបំពានសិទ្ធិអ្នកដទ កុំបំភ្លការពិត”។
តម្លៃដ៏ពិសិដ្ឋរបស់សារព័ត៌មានគឺនៅត្រង់សមត្ថភាពបំពេញតួនាទីដែលអាចធ្វើជាកញ្ចក់សង្គម ជាអ្នកនាំចម្លើយ និងជាភ្លើងបំភ្លឺ រួមចំណែក ដល់សង្គមជាតិយើងឱ្យបន្តដំណើរឆ្ពោះទៅមុខលើផ្លូវសុខដុមរមនា សន្តិភាព និងការរីកចម្រើន៕