ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់ពលរដ្ឋអញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចពិជ័យសេនា ទៀ បាញ់ តាមគោលដៅនៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ អនុវត្តតាម​អនុសាសន៍​ដឹកនាំ​ដ៏ខ្ពង់ខ្ពស់របស់​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ និង​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​ លោក ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ក្រុម​គ្រូពេទ្យ​មន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ​ និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់​ បាន​និងកំពុង​សម្រុក​បេីក​យុទ្ធនាការ​ចុះ​ចាក់​វ៉ាក់​សាំងដូសជំរុញជូនពលរដ្ឋតាមគោលដៅដែលអាជ្ញាធរមូលដ្ឋានបានរៀបចំ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញឲ្យបានរួសរាន់មកទទួលការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ចាប់ពីពេលនេះតទៅ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២២នេះនៅទីតាំងផ្សារជម្ពូវ័នក៏មិនខុសពីទីតាំងផ្សេងទៀតដែរ គឺបានដំណើរការចាក់វ៉ាក់សាំងជូនអាជីវករ និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ ។

លោកលាភប៊ុនរិទ្ធប្រធានផ្សារជម្ពូវ័នបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧មេសានេះថាដោយមានការយកចិត្តទុកដាក់ពីលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានរៀបចំអោយមានទីតាំងចាក់វ៉ាក់សាំងកូវីដ១៩នៅតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញដើម្បីជួយសម្រួលនិងអាចបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋនិងអាជីវករដែលរវល់ក្នុងការប្រកបអាជីវកម្មអាចឆ្លៀតពេលមកចាក់វ៉ាក់សាំងបានគ្រប់គ្នា ។

លោកប្រធានផ្សារក៏បានអោយដឹងដែរថាការចាក់វ៉ាក់សាំងនៅពេលនេះគឺមានទាំងអ្នកដែលមិនទាន់បានចាក់សោះដូសជំរុញលើកទី៣និងលើកទី៤ ។  ការចាក់វ៉ាក់សាំងដែលធ្វើឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនាទៀបាញ់មានរយៈពេល៧ថ្ងៃដែលចាប់ផ្តើមចាក់នៅព្រឹកថ្ងៃទី២៧ មេសានេះតទៅ។

ជាមួយគ្នានេះលោកលាភប៊ុនរិទ្ធក៏បានអំពាវនាវឱ្យអាជីវកនិងប្រជាពលរដ្ឋដែលរស់នៅក្បែរផ្សារមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាផងដែរ។

បើតាមមន្ត្រីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា៖ ទីតាំងសម្រាប់ចាក់វ៉ាក់សាំងក្រៅពីផ្សារជម្ពូវ័ន នៅមានផ្សារពោធិចិតុង,ផ្សារសិនជូរីផ្លាហ្សាក៏បានបង្កើតទីតាំងចាក់វ៉ាក់សាំងជូនអាជីវករនិងប្រជាពលរដ្ឋផងដែរ រីឯនៅក្នុងសង្កាត់ចោមចៅទី៣ ក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចពិជ័យសេនាទៀ បាញ់ ចុះចាក់នៅតាមផ្ទះចាក់ជូនបងប្អូនប្រជាពលរដ្ឋផងដែរ ។

ដោយឡែកលោកហ៊តរដ្ឋាចៅសង្កាត់ត្រពាំងក្រសាំងបានឱ្យដឹងដែរថា៖ថ្ងៃនេះមានបងប្អូនប្រជាពលរដ្ឋបានមកចាក់វ៉ាក់សាំងដូសជំរុញយ៉ាងច្រើននៅគោលដៅប៉ុស្ដិ៍សុខភាពត្រពាំងក្រសាំងរយៈពេល២ថ្ងៃមកនេះមានប្រមាណជិត៣០០នាក់ហើយដែរ ។

សូមបញ្ជាក់ថា៖កន្លងមកនេះការចាក់វ៉ាក់សាំងការពារកូវីដ១៩បានធ្វើឡើងនៅតាមរោងចក្រមណ្ឌលសុខភាព និងទីសាធារណៈមួយចំនួនទៀត តែពេលនេះបានឈានដល់ទីផ្សាររដ្ឋហើយ។ នេះជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ និង​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ ឃួង​ ស្រេង​ អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​ ជុំវិញសុខុមាលភាពជូនប្រជាពលរដ្ឋ។

ក្រសួងសុខាភិបាលនៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២២បានជូនដំណឹងពីការបញ្ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១៦០០នាក់ដើម្បីបង្កើនល្បឿនចាក់ដូសជំរុញជូនពលរដ្ឋកម្មករសិស្សនិសិ្សតអ្នកលក់ដូរនៅតាមបណ្តារាជធានីខេត្តដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ១៩ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣និងដូសទី៤) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាមបណ្ដារាជធានី-ខេត្ត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *