ខេត្តបាត់ដំបង៖ចរន្តនៃការវិលត្រឡប់របស់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃចូលស្រុកវិញតាមព្រំដែនខេត្តបាត់ដំបងមានការថយចុះគួរឲ្យកត់សម្គាល់។ ការថយចុះនេះមួយផ្នែកក៏ដោយសារការរឹតបន្តឹងរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ ប៉ុន្តែចំនួនពលករដែលត្រូវបានរកឃើញឆ្លងកូវីដ-១៩ មានការកើនឡើង ខណៈវិធានការសុខាភិបាលនៅច្រកព្រំដែនត្រូវបានរឹតបន្តឹង។
បើតាមលោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួត ពិនិត្យច្រកទ្វារតំបន់ព្រំដែន ស៊ួនស៊ុ (អូរអន្លក់) ស្រុកកំរៀង បានឱ្យដឹងថា ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង វិធានការសុខាភិបាលនៅច្រកព្រំដែន ត្រូវបានរឹតបន្តឹងដោយគ្មានការធ្វេសប្រហែសឡើយ ទោះបីរំហូរពលករខ្មែរវិល ត្រឡប់មកពីប្រទេសថៃ មានការថយចុះ ហើយពលករភាគច្រើន មានកាតចាក់វ៉ាក់សាំងចាប់ពី២ដូសឡើងទៅ។ វិធានការសុខាភិបាលត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនដោយមិនធ្វេសប្រហែសមួយវិនាទីណាឡើយ។
លោកប្រធានស្នាក់ការបានឱ្យដឹងបន្ថែមថា ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃទាំងអស់ ត្រូវបានយកសំណាកធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ នៅចំណុចច្រកព្រំដែន ហើយចំពោះអ្នកវិជ្ជមាន ក្រុមគ្រូពេទ្យនឹងបញ្ជូនទៅព្យាបាល ។ រីឯអ្នកអវិជ្ជមានគ្មានកាតចាក់វ៉ាក់សាំង ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក ហើយអ្នកអវិជ្ជមានមានកាតចាក់វ៉ាក់សាំងគ្រប់២ដូស ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។
ប្រធានច្រកព្រំដែនរូបនេះ បានបញ្ជាក់ថា មួយ រយៈពេលចុងក្រោយនេះ រំហូរពលករថយចុះ ប៉ុន្តែ ក្នុងចំណោមពលករចូលមកជាង ១០០នាក់ក្នុង១ថ្ងៃ មានចន្លោះពី ៣ទៅ ៥នាក់ ត្រូវបានធ្វើតេស្តរហ័ស រកឃើញឆ្លងជំងឺកូវីដ-១៩ ខណៈមុននេះ រំហូរពលករកើនឡើង ក្នុងចំនួនចន្លោះពីជាង ២០០នាក់ទៅជិត ៣០០នាក់ តែការរកឃើញឆ្លងកូវីដ-១៩ មានតិចតួច ឬស្ទើរតែគ្មាន។
គួរកត់សម្គាល់ថា ក្នុងមួយរយៈពេលចុងក្រោយនេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តបាត់ដំបង មាន ការហក់ឡើងបន្តិចវិញ ក្រោយមានការស្ងប់ស្ងាត់មួយរយៈពេលធំ។ យ៉ាងណាក៏ដោយការកើនឡើងនៃជំងឺ covid-19 នៅខេត្តបាត់ដំបងមិនមែនសុទ្ធតែដោយ សារពាក់ព័ន្ធការវិលត្រឡប់របស់បងប្អូនពលករដែលមកពីប្រទេសថៃនោះឡើយ។
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ កងកម្លាំងចម្រុះការពារព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានធ្វើទំនាក់ទំនង និងសហការយ៉ាងជិតស្និទជាមួយភាគីថៃ ដើម្បីទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដោយមិនស្របច្បាប់។ ពោលគឺបណ្ដាជនដែលឆ្លងព្រំដែនទាំងអស់សុទ្ធតែត្រូវឆ្លងកាត់ការធ្វើតេស្ត៕