នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិកព្រឹទ្ធសភា-រដ្ឋសភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ-សង្កាត់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តបាត់ដំបង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណជា ៥៤៥នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានធ្វើសេចក្តីរាយការណ៍ ស្តីពីលទ្ធផលសង្ខេប នៃដំណើរការសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ជូន សម្ដេចក្រឡាហោម ស ខេង និងពិធីទាំងមូលជ្រាបថា រដ្ឋបាលខេត្តបាត់ដំបង បានបន្តថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ បានល្អប្រសើរ ដោយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បានបន្តបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសនោះ ថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំងប្រយុទ្ធប្រឆាំងទៅជំងឺកូវីដ-១៩ ដែលជាកត្តាអំណោយផលដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ឯកឧត្តម បានបន្ដថា ឃុំ-សង្កាត់ នៅទូទាំងខេត្តបាត់ដំបង បានបន្តចូលរួមអនុវត្តខ្លឹមសារទាំង៧ ចំណុចនៃគោលនយោបាយ ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលឆ្នាំនេះ ឃុំ-សង្កាត់ ទទួលបានចំណាត់ថ្នាក់លេខ១ មានចំនួន ៦៣ឃុំ-សង្កាត់, លេខ២ ចំនួន ៣៥ឃុំ-សង្កាត់ និងលេខ៣ ចំនួន ៤ឃុំ-សង្កាត់។
ឯកឧត្តម បានបន្ថែមថា ចំពោះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បានត្រៀមលក្ខណៈរួចរាល់ ពង្រឹង និងអនុវត្តវិធានការការពារសន្ដិសុខ សណ្ដាប់ធ្នាប់មុនពេល កំឡុងពេល និងក្រោយពេលបោះឆ្នោត ស្របតាមផែនការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ និងការត្រៀមកម្លាំងអន្តរាគមន៍ ក្នុងករណីចាំបាច់នានាផងដែរ។
លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ដោយឈរលើគោលការណ៍ច្បាប់ និងអនុវត្តតាមការណែនាំតម្រង់ទិសរបស់រដ្ឋបាលថ្នាក់ជាតិ ការអនុវត្តរបស់រដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងដែនអភិរក្ស និងដីរដ្ឋ ក្នុងឆ្នាំ២០២១ ទទួលបានលទ្ធផលគួរជាទីមោទកៈ និងជួបបញ្ហាប្រឈមមួយចំនួន គួរត្រូវបានយកចិត្តទុកដាក់ដោះស្រាយ ដើម្បីលើកកម្ពស់ការគ្រប់គ្រងដែន អភិរក្ស ដីរដ្ឋ និងសណ្តាប់ធ្នាប់សាធារណ ឱ្យបានកាន់តែមានប្រសិទ្ធិភាពខ្ពស់។
នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ នៅក្នុងរដ្ឋបាលខេត្តបាត់ដំបងទាំងអស់ បានរួមសាមគ្គី និងសហការគ្នាយ៉ាងជិតស្និទជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីជួយអភិវឌ្ឍដល់ខេត្តបាត់ដំបង ក្នុងឆ្នាំ២០២១ កន្លងទៅ ជាពិសេស បានចូលរួមប្រយុទ្ធទៅនឹងបញ្ហាប្រឈមនានា និងជួយគាំទ្រដល់ការខិតខំប្រឹងប្រែង ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់។
សម្ដេចក្រឡាហោម ក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបង បានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ក៏បានចាត់ទុកថា ទាំងនេះជាការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនេះ សម្ដេច ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដដោះស្រាយបញ្ហានៅសេសសល់ កាលពីឆ្នាំ២០២១ ខណៈ សម្ដេច បានថ្លែងអំណរគុណចំពោះអាជ្ញាធរកម្ពុជា ដែលបានគ្រប់គ្រងជំងឺកូវីដ-១៩ នៅតាមបណ្ដោយព្រំដែនរវាង កម្ពុជា-ថៃ។
លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំជាគន្លឹះសំខាន់មួយចំនួនទៀត ដល់អង្គសន្និបាតដូចជា ៖ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ, ការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី, ការគ្រប់គ្រងការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន, ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទីក្រុង, ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន, ការពង្រឹងការអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩, ការពង្រឹងរបៀបរបបការងារ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា