រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីមួយសង្ស័យមានជម្លោះក្នុងគ្រួសារ បានធ្វើឱ្យស្ត្រីម្នាក់បើករថយន្តតូយ៉ូតាព្រូស មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ទៅបុកពីក្រោយម៉ូតូមួយគ្រឿងដែលជាប្តីកំពុងជិះ បណ្តាលឲ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងត្បូងបុរីភ្នំពេញថ្មី តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក YAMAHA CRF ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IE-7000 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BN-6430 បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅស្របគ្នា តាមពីក្រោយម៉ូតរបស់ប្តីក្នុងល្បឿនយ៉ាងលឿន រួចក៏បានជ្រុលទៅបុកម៉ូតូចំពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសបែកក្បាលធ្ងន់ធ្ងរ ចំណែកម៉ូតូបានរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ រីឯរថយន្តវិញក៏បានរងការខូចខាតបែកកញ្ចក់ និងក្រពឹតផ្នែកខាងមុខផងដែរ ។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ ។
ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុនោះ ស្ត្រីជាអ្នកបើកបររថយន្តក៏បានអះអាងប្រាប់សមត្ថកិច្ចមូលដ្ឋានយ៉ាងខ្លីថា ខ្លួននិងម្ចាស់ម៉ូតូ គឺជាប្តីប្រពន្ធនឹងគ្នា ដោយមិនបានប្រាប់ពីដើមហេតុអ្វីឲ្យបានច្បាស់លាស់នោះទេ ។ ក្រោយពីប្រាប់សមត្ថកិច្ចមូលដ្ឋានរួច ស្ត្រីជាប្រពន្ធក៏បាននាំបុរសជាប្តីឡើងទៅលើរថយន្តរបស់ខ្លូននាំទៅកាន់គ្លីនិកឯកជនសម្ភពពន្លឺ ដើម្បីបញ្ជូនជនរងគ្រោះទៅសង្គ្រោះភ្លាមៗតែម្ដងទៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក៏បានចុះធ្វើការវាស់វែង រួចយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ ៕