ខេត្តកណ្តាល ៖ នគរបាលបានចាប់វាយខ្នោះជនម្នាក់ ខណៈប៉ុនប៉ងរត់គេចតែមិនរត់មិនរួច នៅពេលម្ចាស់ម៉ាស៊ីនបូមទឹកឃើញជននេះកំពុងដោះខ្ចៅម៉ាស៊ីន ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅវេលាម៉ោងប្រហែល៦និង២០នាទី ល្ងាច នៅចំណុចដីចម្ការល្ហុងផ្លូវក្របី ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ម៉ាស៊ីនបូមទឹកឈ្មោះ សូ សឿន ភេទប្រុស អាយុ៥៥ ឆ្នាំ ជាកសិករ មានទីលំនៅក្នុងភូមិផ្លូវត្រី ឃុំថ្មគរ ។ ចំណែកជនសង្ស័យឈ្មោះ វ៉ន ចន្ថា ហៅតូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅក្នុងភូមិ ឃុំ ជាមួយគ្នា និងជាមុខសញ្ញាលួចមិនរាងចាល ។
ប្រភពដដែលឲ្យដឹងទៀតថា នាល្ងាចថ្ងៃនោះ លោក សូ សឿន បានចេញពីផ្ទះទៅមើលម៉ាស៊ីនបូមទឹកនៅចម្ការល្ហុង ស្រាប់តែឃើញជនសង្ស័យកំពុងដោះខ្ចៅម៉ាស៊ីនបូមទឹក ក៏ស្រែកសួរថាពីណាគេកំពុងធ្វើអ្វី ? ពេលនោះជនសង្ស័យ
ឆ្លើយថាដាក់អង្គប់កណ្ដុរ ហើយតាមការស្ដាប់សំឡេងក៏ស្គាល់ថាគឺឈ្មោះតូ ។
ភ្លាមនោះ ជនសង្ស័យក៏រត់ចេញពីកន្លែងម៉ាស៊ីនទៅបាត់ទៅ ដែលឃើញដូច្នោះ លោក សូ សឿន ក៏ដេញតាមដោយទៅស្កាត់នៅលើផ្លូវ។ឯជនសង្ស័យបានបើកម៉ូតូកង់បីចេញពីក្នុងចម្ការស្វាយរបស់ឈ្មោះ ផាត់ លឿង រត់គេចខ្លួន ទើបលោក សូ សឿន ទូរស័ព្ទប្ដឹងសមត្ថកិច្ចហើយសមត្ថកិច្ចក៏ដេញតាមឃាត់ជនសង្ស័យបាននៅលើដងផ្លូវស្ថិតក្នុងឃុំពាមឧកញ៉ាអុង ។
នៅពេលសមត្ថកិច្ចសាកសួរជនសង្ស័យឆ្លើយថា រូបគេពិតជាបានលួចម៉ាស៊ីនបូមទឹកមែនតែត្រូវម្ចាស់ទាន់ ក៏រត់គេចខ្លួន ។ ជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធី ៕