យោងតាមសារព័ត៌មាន CNN បានចេញផ្សាយថាប្រទេសនូវែលសេឡង់គ្រោងចេញច្បាប់ហាមជក់បារីសម្រាប់មនុស្សវ័យក្មេង ដូច្នេះពួកគេនឹងមិនអាចទិញថ្នាំជក់បានស្របច្បាប់នៅក្នុងប្រទេសនេះឡើយ។
ស្ថិតក្រោមការស្នើសុំច្បាប់ថ្មី អាយុស្របច្បាប់ចាប់ពី១៨ឆ្នាំទើបអាចទិញថ្នាំជក់បាន។ នេះបើតាមសហរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រីវេជ្ជបណ្ឌិត Ayesha Verrall បាននិយាយក្នុងសន្និសីទកាលពីថ្ងៃព្រហស្បតិ៍មុន។
លោកស្រីមានប្រសាសន៍ថា ៖«យើងខ្ញុំចង់ធ្វើឲ្យប្រាកដគឺ មនុស្សវ័យក្មេងនឹងមិនចាប់ផ្តើមជក់បារីបានទេ ដូច្នេះយើងនឹងធ្វើឲ្យវាក្លាយជាបទល្មើសពីការជក់ ឬលក់ដូរផលិតផលថ្នាំជក់ដល់ក្រុមមនុស្សវ័យក្មេង»។
«មនុស្សចាប់ពីអាយុ១៤ឆ្នាំនៅពេលច្បាប់ចូលជាធរមាននឹងមិនអាចទិញថ្នាំជក់ស្របច្បាប់បានឡើយ»។
រដ្ឋាភិបាលគ្រោងដាក់សេចក្តីព្រាងច្បាប់ទៅរដ្ឋសភាមុនពេលឆ្នាំ២០២២មកដល់ដែលនេះជាផ្នែកនៃយុទ្ធនាការណ៍ឃោសនាដើម្បីកាត់បន្ថយការជក់បារីនៅសហគមន៍ឲ្យនៅសល់តិចជាង៥%ត្រឹមឆ្នាំ២០២៥។
តាមទិន្នន័យរដ្ឋាភិបាល ១៣.៤%នៃប្រជាជនពេញវ័យរបស់ប្រទេសនូវែលសេឡង់នៅបន្តជក់បារី។ ចំនួននេះបានធ្លាក់ចុះពី១៨.២%ពីឆ្នាំ២០១១/១២។
យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្សចន្លោះពី៤០០០ ទៅ ៥០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំពីជំងឺដែលពាក់ព័ន្ធនឹងការជក់បារី។
លោកស្រីវេជ្ជបណ្ឌិត Verrall បន្តថា ៖«ការជក់បារីនៅតែជាបញ្ហាឈានមុខនៃការស្លាប់ដែលអាចការពារនៅប្រទេសនូវែលសេឡង់ និងបណ្តាលឲ្យមានជំងឺមហារីកមួយក្នុងចំណោម៤»៕