ព័ត៌មាន

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឲ្យម្ចាស់អាជីវកម្ម បង់ពន្ធ យ៉ាងយូរត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២១ ជាកំហិត!

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានចាត់វិធានការដោយចុះផ្សាយនូវឈ្មោះសហគ្រាស និងកម្មសិទ្ធិករលើទំព័រសារព័ត៌មាន បើមិនបានចូលខ្លួនមកទូទាត់បំណុលពន្ធទាន់ពេលវេលា។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

សេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើគ្រប់វិស័យ។ កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថា សហគ្រាសភាគច្រើនបានចូលខ្លួន មកធ្វើការទូទាត់បំណុលពន្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនបានចូលខ្លួនមកទូទាត់បំណុលពន្ធរបស់ខ្លួននៅឡើយទេ បើទោះបី ជាអគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតអញ្ជើញសហគ្រាសទាំងនោះជាច្រើន លើកច្រើនសា ដើម្បីជាការដាស់តឿន ក្រើនរំលឹកឲ្យមកធ្វើការទូទាត់បំណុលពន្ធក៏ដោយ។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា «សូមអញ្ជើញអស់លោក លោកស្រីនាយកសហគ្រាសដែលជំពាក់បំណុលពន្ធ មកធ្វើការទូទាត់បំណុលពន្ធរបស់ខ្លួន នៅអគ្គនាយកដ្ឋានពន្ធដារ មានទីតាំងនៅកែងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បន្ទប់លេខ ២០៤ ទូរស័ព្ទទំនាក់ទំនង លេខ ០២៣ ៨៨៤ ៨០០ យ៉ាងយូរត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២១ ជាកំហិត»។

ក្នុងករណី នាយកសហគ្រាសខកខានមិនបានមកទូទាត់បំណុលពន្ធនោះទេ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការចុះផ្សាយ នូវឈ្មោះសហគ្រាស និងកម្មសិទ្ធិករលើទំព័រសារព័ត៌មាន ព្រមទាំងបន្តអនុវត្តវិធានការតឹងទារបំណុលពន្ធ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចខាងក្រោម៖

* បញ្ឈប់ប្រតិបត្តិការនាំចេញ-នាំចូលដោយស្នើកិច្ចសហការពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

* បញ្ឈប់ ឬផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្នចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធ

* ឃាត់ទុកគណនីធនាគាររបស់ក្រុមហ៊ុន និងម្ចាស់ភាគហ៊ុនដោយស្នើកិច្ចសហការពីធនាគារជាតិនៃកម្ពុជា

* ឃាត់ទុកការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ និងចលនទ្រព្យចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធ

* ឃាត់ទុកការចុះបញ្ជីក្រុមហ៊ុនថ្មី និងផ្ទេរភាគហ៊ុនដោយស្នើកិច្ចសហការពីក្រសួងពាណិជ្ជកម្ម

*ទុកជាមោឃៈនូវលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណផ្សេងៗដោយស្នើកិច្ចសហការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

* នាំខ្លួនអ្នកជាប់ពន្ធឲ្យមកទូទាត់បំណុលពន្ធ ដោយស្នើកិច្ចសហការជាមួយអគ្គស្នងការនគរបាលជាតិ

* ឃុំគ្រង និងរឹបអូសលើទ្រព្យសម្បត្តិរបស់អ្នកជាប់ពន្ធដែលជំពាក់បំណុលពន្ធ

* ដំណើរការនីតិវិធីទៅស្ថាប័នតុលាការ ចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *