កំពត៖ រាល់សំណុំរឿងដែលនៅសេសសល់ក្នុងកំណត់ហេតុអាណត្តិចាស់ ដែលមិនទាន់ដោះស្រាយ ជាករណីប្រព្រឹត្តបំពានរំលោភយកដីសាធារណៈរបស់រដ្ឋ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានសន្យាប្រើរយៈពេល៣ថ្ងៃ ដើម្បីសំអាតឱ្យអស់។ ការលើកឡើងដូចនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី៣០ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមាន លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងអាជ្ញាធរពាក់ព័ន្ធ។
ចំពោះការងារនេះ ឯកឧត្តម ម៉ៅ ធនិន បានចាត់ឱ្យលោក សេង សេរីបុត្រ អនុប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានលេខធិកាដ្ឋាន ជាអ្នកដឹកនាំ ចំណែកលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ជាអ្នករៀបចំកម្លាំងចម្រុះដើម្បីអនុវត្ត។ អ្នកដែលប្រឆាំងនឹងបទបញ្ជានៃការអនុវត្តនេះ នឹងត្រូវប្រឈមមុខជាមួយច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ ដូចជាអ្នកបំពានលើដីបរិស្ថាន ដីបឹងបួរ ដីចំណីព្រែក និងដីសាធារណៈរបស់រដ្ឋផ្សេងៗទៀត នៅក្នុងភូមិសាស្ត្រខេត្តកំពត។
ក្រៅពីនេះ ឯកឧត្តម ម៉ៅ ធនិន ក៏បានបញ្ជាក់សារជាថ្មីម្តងទៀត ចំពោះអ្នកដែលបានដាក់កុងត្រូលជជុះចូលឈូសឆាយយកដីភ្នំដែលជាដីរបស់រដ្ឋ នឹងត្រូវទទួលទោសតាមផ្លូវច្បាប់ ដោយមិនមានការលើកលែង ព្រោះប្រទេសមានច្បាប់។
សូមបញ្ជាក់ថា ទាក់ទងនឹងការដាក់កុងត្រូលជជុះចូលឈូសឆាយយកដីភ្នំ ដែលជាដីរបស់រដ្ឋនេះ លោក ម៉ៅ ធនិន ធ្លាប់បានលើកឡើងរួមម្តងមកហើយ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា នឹងចាប់ផ្តើមអនុវត្តច្បាប់ចំពោះអ្នកដែលបានដាក់កុងត្រូលជជុះលួចឈូសដីលើភ្នំដែលជាដីរបស់រដ្ឋ។ ដូច្នេះមិនអាចមាននរណាម្នាក់មកឈ្លោះគ្នាដណ្តើមយកដីរដ្ឋ ហើយបែរជាចេញដីការការពារដីរដ្ឋនោះ លោកមិនអាចទទួលយកបានទេ ហើយនឹងអនុវត្តច្បាប់ដោយមិនមានការលើកលែងឡើយ៕