សមត្ថកិច្ច បានឱ្យដឹងថាៈ មនុស្សប្រុសស្រីទាំង បីនាក់នោះ មានៈ ១-ឈ្មោះ សង វ៉ាន់ដេត ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ៦A ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ជុំ ឆេងលី ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅ ផ្ទះជួល ក្នុងភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ៣-ឈ្មោះ អុល មិថុនា ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់នៅភូមិកំពង់ទួល ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ មនុស្សប្រុសស្រីទាំង បីនាក់នេះ មានមុខរបរមិនពិតប្រាកដ ដូចគ្នា។ជនសង្ស័យទាំង បីនាក់ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់មេធាវីម្នាក់ ពាក់ព័ន្ធករណីក្លែងឯកសារសាធារណៈ ក្រោមរូបភាព យកទៅឆបោក ប្រាក់ពីធនាគារឯកជនមួយ មានទឹកប្រាក់ប្រមាណ ៣៥.០០០ ដុល្លារ អាម៉េរិក ។
អង្គហេតុនៃពាក្យបណ្តឹង បានបញ្ជាក់ថាៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ជនសង្ស័យ ទាំងបីនាក់ តាមរយៈការប្រើប្រាស់អត្តសញ្ញាណក្លែង, ក្លែងឯកសាធារណៈ ក្លែងអត្តសញ្ញាណបុគ្គល លើអត្តសញ្ញាណប័ណ្ណ ថាខ្លួនជាម្ចាស់កម្មសិទ្ធិដីធ្លី និងជាមនុស្ស នៅក្នុងអត្តសញ្ញាណប័ណ្ណ ខាងលើ ពិតប្រាកដ ដែលធ្វើឱ្យធនាគារឯកជន សាខាបឹងកេងកង ជឿទុកចិត្តប្រគល់ប្រាក់ឱ្យ ចំនួន ១៥.០០០ ដុល្លារអាម៉េរិក ។
លុះមកដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យទាំង បីនាក់ដដែល បានប្រើប្រាស់អត្តសញ្ញាណក្លែង ទៅឆបោកធនាគារឯកជន សាខាខណ្ឌដូនពេញដកយកប្រាក់ប្រមាណ ២០.០០០ ដុល្លារអាម៉េរិក និងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យទាំង បីនាក់ បានប្រើប្រាស់អត្តសញ្ញាណក្លែង ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងក្លែងអត្តសញ្ញាណបុគ្គល លើអត្តសញ្ញាណប័ណ្ណ ថាខ្លួនជាម្ចាស់កម្មសិទ្ធិដី បានទៅដាក់ សំណើសុំខ្ចីប្រាក់ចំនួន ៩០.០០០ ដុល្លារអាម៉េរិក ពីធនាគារឯកជន សាខាខណ្ឌពោធិ៍សែនជ័យ ម្តងទៀត ប៉ុន្តែលើកនេះ ពួកគេក៏ត្រូវអស់លក្ខណ៍ ដោយខាងធនាគារ បានប្រើប្រាស់សិទ្ធិ ពឹងពាក់មេធាវីការពារក្តី ប្តឹងសមត្តកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឱ្យចាប់ខ្លួនបុគ្គលទាំង បីនាក់ ចាត់ការតាមផ្លូវច្បាប់ ។
តាមការស្តាប់ចម្លើយរបស់ ជនសង្ស័យ ទាំងបីនាក់ បានសារភាពប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាបាន ធ្វើសកម្មភាពឆបោក យកប្រាក់ពីធនាគារឯកជននោះ ប្រាកដមែន តាមរូបភាពប្រើប្រាស់ឯកសារក្លែងទាំងអស់។
សំណុំរឿងជនសង្ស័យ ទាំងបីនាក់ ស្ថិតនៅដំណាក់ស្ថាប័នអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បើកការស៊ើបសួរ និងក្រោយពីសួរចប់ ពួកគេទំនងមិនអាចគេចផុត ពីការឃុំខ្លួន ដាក់ពន្ធគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ក្តី ទៅតាមបទល្មើស ដែលពួកគេ បានប្រព្រឹត្ត ៕