យោងតាមសារព័ត៌មាន រ៉យទ័រ បានចេញផ្សាយថាSept 29 (Reuters) – អ្នកនាំពាក្យអង្គការសហប្រជាជាតិ និងមន្រ្តីនគរបាលក្នុងតំបន់បាននិយាយថា កាលពីថ្ងៃពុធនេះ ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មេដឹកនាំក្រុមមូស្លីម Rohingya ដ៏លេចធ្លោម្នាក់នៅក្នុងជំរុំជនភៀសខ្លួននៅភាគខាងត្បូងប្រទេសបង់ក្លាដែស បន្ទាប់ពីមានអំពើហិង្សាដែលកាន់តែធ្ងន់ធ្ងរនៅក្នុងជំរុំជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងពិភពលោក។
លោក Mohib Ullah ដែលមានអាយុជាង ៤០ ឆ្នាំបានដឹកនាំក្រុមសហគមន៍ធំបំផុតមួយក្នុងចំណោមក្រុមសហគមន៍ជាច្រើនដែលបានចាប់ផ្តើមដំណើរការចាប់តាំងពីជនជាតិមូស្លីម Rohingya ប្រមាណ ៧៣ ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីការបង្ក្រាបដោយយោធាកាលពីខែសីហាឆ្នាំ ២០១៧ ។
ដោយបានទទួលការអញ្ជើញទៅសេតវិមាន និងពិភាក្សាជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកគឺជា អ្នកតស៊ូមតិដ៏ឆ្នើមម្នាក់សម្រាប់ជនជាតិ Rohingya ជាជនជាតិភាគតិចមូស្លីមដែលបានប្រឈមមុខនឹងការធ្វើទុក្ខទោសជាច្រើនជំនាន់។
លោក Rafiqul Islam ជាអគ្គស្នងការរងនគរបាលនៅទីក្រុង Cox’s Bazar ដែលស្ថិតនៅក្បែរនោះបានប្រាប់រ៉យទ័រតាមទូរស័ព្ទថា លោក Mohib Ullah ត្រូវបានគេបាញ់សម្លាប់ ប៉ុន្តែមិនបានបន្ថែមព័ត៌មានលម្អិតទេ។
អ្នកនាំពាក្យរបស់ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា ទីភ្នាក់ងារនេះមានការសោកស្តាយយ៉ាងខ្លាំងចំពោះការស្លាប់របស់លោក Mohib Ullah ។ អ្នកនាំពាក្យរូបនេះបាននិយាយថា “យើងកំពុងបន្តទំនាក់ទំនងជាមួយអាជ្ញាធរអនុវត្តច្បាប់ទទួលបន្ទុករក្សាសន្តិភាព និងសន្តិសុខនៅក្នុងជំរុំនោះ” ។
ក្រុមរបស់លោក Mohib Ullah ដែលមានឈ្មោះថា សមាគមន៍ Arakan Rohingya ដើម្បីសន្តិភាព និងសិទ្ធិមនុស្សបានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនដោយចងក្រងជាឯកសារស្តីពីអំពើឃោរឃៅដែលជនជាតិ Rohingya បានទទួលរងក្នុងការបង្ក្រាបរបស់មីយ៉ាន់ម៉ា ដែលអង្គការសហប្រជាជាតិបាននិយាយថា ការបង្ក្រាបនេះត្រូវបានធ្វើឡើងដោយមានចេតនាប្រល័យពូជសាសន៍ ៕