ព័ត៌មាន

ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៥ (15th AMMTC)

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមជារដ្ឋមន្ត្រី ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំពេញអង្គ នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ និងបានផ្លាស់ប្តូរយោបល់ជាមួយបណ្តារដ្ឋសមាជិកអាស៊ាន ដោយក្នុងនោះ បានកោតសរសើរចំពោះស្មារតីជួយគ្នាទៅវិញទៅមករវាងរដ្ឋសមាជិកអាស៊ាន ក្នុងគ្រាដ៏លំបាកបង្កឡើងដោយជំងឺកូវីដ-១៩ ដែលស្មារតីនេះដើរស្របទៅនឹងមូលបទរបស់អាស៊ានឆ្នាំ២០២១ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» ។

សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសព្រុយណេ ដែលបានជំរុញយន្តការនានារបស់ AMMTC ជាពិសេសកិច្ចពិគ្រោះយោបល់ជាមួយប្រទេសដៃគូសន្ទនាឲ្យមានដំណើរការយ៉ាងរស់រវើក និងទទួលបានលទ្ធផលជាផ្លែផ្កា រួមចំណែកយ៉ាងសំខាន់ដល់ការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលដៅកសាងតំបន់អាស៊ាន ប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ។

សម្ដេចក្រឡាហោម ស ខេង ក៏បានចូលរួមផ្លាស់ប្តូរទស្សនៈ និងគាំទ្រចំពោះការវាយតម្លៃរបស់បណ្តារដ្ឋសមាជិកអាស៊ាន អំពីស្ថានភាពនៃឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់ ជាពិសេសការសម្តែងនូវការព្រួយបារម្ភចំពោះការឆ្លៀតឱកាសកេងប្រយោជន៍ពីទំនើបកម្មនៃបច្ចេកវិទ្យា យកមកប្រើប្រាស់ជាមធ្យោបាយក្នុងការប្រព្រឹត្តអំពើខុសច្បាប់ ដែលនាំដល់ការកើនឡើងនូវបទល្មើសមួយចំនួននៃឧក្រិដ្ឋកម្មឆ្លងដែន ដូចជា អំពើហិង្សាជ្រុលនិយម អំពើភេរវកម្ម អំពើរត់ពន្ធមនុស្ស អំពើជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យា ការជួញដូរគ្រឿងញៀន និងការជួញដូរសត្វព្រៃ និងឈើខុសច្បាប់ ជាដើម ។

ក្នុងនាមរដ្ឋមន្ត្រីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនអាស៊ាន សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ជូនអង្គប្រជុំអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែកជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ក្នុងភាពជាដៃគូដ៏ស្អិតរមួត ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ដោយប្រើប្រាស់គ្រប់លទ្ធភាព និងមធ្យោបាយ តាមរយៈការអនុវត្តយន្តការថ្នាក់ជាតិ យន្តការទ្វេភាគី ពហុភាគី និងថ្នាក់តំបន់ ដើម្បីកសាងបាននូវកម្លាំងរួមមួយដ៏មានសក្តានុពល ក្នុងការដោះស្រាយបញ្ហាប្រឈម និងការគំរាមកំហែងនានាពីឧក្រិដ្ឋកម្មឆ្លងដែន ។

ក្រៅពីការផ្លាស់ប្តូរទស្សនៈទៅវិញទៅមក លើសភាពការណ៍ឧក្រិដ្ឋកម្មឆ្លងដែន កិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ក៏បានអនុម័តឯកសារចំនួន០៣ រួមមាន ៖ ១.ឯកសារទស្សនទាន ស្តីពីផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់គ្រងព្រំដែនអាស៊ាន, ២.សេចក្តីប្រកាសអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដំណាក់កាលក្រោយជំងឺកូវីដ-១៩, ៣.សេចក្ដីថ្លែងការណ៍រួមរបស់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៥។

បន្ទាប់មក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ក៏បានអញ្ជើញជាតំណាងឲ្យកម្ពុជា ចូលរួមក្នុងពិធីប្រគល់-ទទួល តួនាទីជាប្រធានប្តូរវេនរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ នៅឆ្នាំ២០២២ បន្តពីប្រទេសព្រុយណេ។ ក្នុងឱកាសទទួលតួនាទី ដ៏ឧត្ដុង្គឧត្តមនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងនូវការអបអរសាទរចំពោះប្រទេសព្រុយណេ ដែលបានបំពេញតួនាទីជាប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្តីពីឧក្រិដ្ឋកម្មឆ្លងដែនលើកទី២១ (21st SOMTC) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៥ (15th MMTC) ប្រកបដោយជោគជ័យក្នុងឆ្នាំ២០២១នេះ។

ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ និងក្នុងនាមជាប្រធានប្តូរវេននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះតួនាទីដ៏មានសារៈសំខាន់នេះ ដែលមិនត្រឹមតែជាមោទកភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការចូលរួមចំណែក និងការទទួលខុសត្រូវចំពោះអនាគតរបស់សហគមន៍ ក្នុងនាមកម្ពុជាជារដ្ឋសមាជិកអាស៊ាន។

សម្ដេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ អំពីភាពចាំបាច់ដែលអាស៊ានត្រូវបន្តពង្រឹងស្មារតី សាមគ្គីភាពរឹងមាំ និងការជួយគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំង ទាំងបញ្ហាជំងឺកូវីដ-១៩ និងរួមគ្នាដោះស្រាយបញ្ហាជាច្រើនទៀត ក្នុងក្របខណ្ឌនៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសមិនប្រពៃណី ដែលកំពុងមានការកើនឡើងឥតឈប់ឈរ និងបង្កការគំរាមកំហែងដល់សន្តិសុខផ្ទៃក្នុងប្រទេស និងតំបន់ ។

ក្នុងស្មារតីនេះ សម្តេចក្រឡាហោម ស ខេង បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តខិតខំពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឲ្យកាន់តែសកម្ម និងស៊ីជម្រៅថែមទៀតជាមួយបណ្តារដ្ឋសមាជិកអាស៊ានលើការងារពង្រឹងការអនុវត្តច្បាប់ និងបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការបន្តគាំទ្រ និងការជួយជ្រោមជ្រែង ពីសំណាក់រដ្ឋមន្ត្រីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែននៃរដ្ឋសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ានដើម្បីផ្ដល់លទ្ធភាពដល់កម្ពុជាបំពេញតួនាទីជាប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ (22nd SOMTC) និងកិច្ចប្រជុំ រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ (16th AMMTC) នៅឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាពនិងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតនៅក្រោម«សសរស្ដម្ភសន្តិសុខនយោបាយ»ដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួម និងបុព្វហេតុនៃសន្តិភាព វិបុលភាពសម្រាប់តំបន់អាស៊ាន ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *