យោងតាមសារព័ត៌មាន តូរ៉ុនតូ (រ៉យទ័រ)បានចេញផ្សាយថា
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei Technologies Co Ltd លោកស្រី Meng Wanzhou ដែលជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei បានវិលត្រឡប់មកប្រទេសចិនវិញកាលពីថ្ងៃសុក្រ បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋអាជ្ញាសហរដ្ឋអាមេរិកដើម្បីបញ្ចប់ការចោទប្រកាន់ទៅលើលោកស្រីពីករណីក្លែងបន្លំផ្នែកធនាគារ។ ដែលនេះជាលទ្ធផលនៃការបញ្ឈប់ការធ្វើបត្យាប័នរបស់លោកស្រីនៅក្នុងតុលាការប្រទេសកាណាដា។
មិនយូរប៉ុន្មានបន្ទាប់ពីលោកស្រី Meng បានវិលត្រឡប់មកប្រទេសចិនវិញ ទីក្រុងប៉េកាំងបានដោះលែង លោក Michael Kovrig និងលោក Michael Spavor ជាជនជាតិកាណាដាពីរនាក់ដែលត្រូវបានអាជ្ញាធរចិនឃុំខ្លួន ប៉ុន្មានថ្ងៃបន្ទាប់ពីការចាប់ខ្លួនលោកស្រី Meng នៅទីក្រុង Vancouver កាលពីខែធ្នូ ឆ្នាំ២០១៨ ដោយយោងតាមដីកាចាប់ខ្លួនរបស់សហរដ្ឋអាមេរិក ។
លោក Garneau បានប្រាប់ CBC News ថា ពេលឥឡូវនេះរដ្ឋាភិបាលកំពុងអនុវត្តតាមវិធីសាស្ត្របួន ចំពោះប្រទេសចិនដូចជា៖ “ការរួមរស់ជាមួយគ្នា” “ការប្រកួតប្រជែង” “ការសហការណ៍” និង “ការប្រឈមមុខ” ។
លោកបាននិយាយថា កាណាដានឹងប្រកួតប្រជែងជាមួយចិនលើបញ្ហាដូចជា ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ ខណៈពេលដែលមានការប្រឈមមុខនឹងការប្រព្រឹត្តិទៅលើជនជាតិ Uighurs, Tibetans និងទីក្រុង Hong Kong ដូចដែលទីក្រុង Ottawa បានធ្វើកន្លងមក។
លោក Garneau បាននិយាយថា “យើងអាចនិយាយបានថា យើងមានការប្រុងប្រយ័ត្នខ្ពស់ ហើយយើងក៏ធ្លាប់បាននិយាយបែបនេះដែរ ហើយគ្មានវិធីឆ្ពោះទៅរកទំនាក់ទំនងជាមួយចិនទេដរាបណាលោក Michael Kovrig និងលោក Michael Spavor ត្រូវបានឃុំខ្លួន” ។
កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីលោក Justin Trudeau និងរដ្ឋមន្ត្រីក្រសួងការបរទេសលោក Garneau បានទទួលជនជាតិកាណាដាទាំងពីរនាក់នេះ នៅពេលពួកគេទៅដល់ទីក្រុង Calgary ក្នុងខេត្ត Alberta បន្ទាប់ពីបានចំណាយរយៈពេលជាង ១០០០ ថ្ងៃនៅក្នុងការឃុំខ្លួនដាច់ដោយឡែក ៕