អាជ្ញាធរវៀតណាម បានតម្រូវឲ្យក្រុមហ៊ុនផលិតមីក្នុងស្រុកឈ្មោះ Thien Huong បញ្ជាក់ពីនីតិវិធីផលិតរបស់ខ្លួន ក្រោយពេលមន្រ្តីន័រវែសរកឃើញ សារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលរបស់ខ្លួន។
មីរបស់ក្រុមហ៊ុន Thien Huong
កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនបានធ្វើការជាមួយអាជ្ញាធរគ្រប់គ្រងសុវត្ថិភាពចំណីអាហារទីក្រុងហូជីមិញ (FSMA) បន្ទាប់ពីប្រទេសន័រវែស បានប្រមូលផលិតផលមីគោករសជាតិសាច់មាន់ និងសាច់គោពីទីផ្សារវិញ។
សហភាពអឺរ៉ុប (EU) ដែលមានន័រវែសជាសមាជិក បានសម្រេចចិត្តដកផលិតផល Thien Huong ចេញពីទីផ្សារន័រវែស បន្ទាប់ពីពួកគេបានរកឃើញសារធាតុ អេទីឡែនអុកស៊ីដ០.០៥២ មីលីក្រាម នៅក្នុងអាហារដែលសារធាតុនេះ រំលោភលើស្តង់ដារ សុវត្ថិភាពម្ហូបអាហាររបស់អឺរ៉ុប។
មីរបស់ក្រុមហ៊ុន Thien Huong
អេទីឡែនអុកស៊ីដ គឺជាសារធាតុសម្លាប់សត្វល្អិត មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងម្ហូបអាហារដែលដាក់លក់នៅក្នុងសហភាពអឺរ៉ុបឡើយ។ នេះបើយោងតាមអាជ្ញាធរសុវត្ថិភាពម្ហូបអាហារនៃប្រទេសអៀរឡង់។
ក្នុងអំឡុងកិច្ចប្រជុំជាមួយ FSMA, ក្រុមហ៊ុន Thien Huong បានប្រគល់ព័ត៌មានស្តីពីការផលិត ផលិតផលរបស់ខ្លួន ដោយនិយាយថា ពួកគេក៏កំពុងធ្វើការផងដែរដើម្បីរកឲ្យឃើញនូវការលេចឡើងសារធាតុ អេទីឡែនអុកស៊ីដ នៅក្នុងកញ្ចប់មីរបស់ពួកគេ។
តំណាងក្រុមហ៊ុននិយាយថា ផលិតផលដែលប្រមូលមកវិញ គឺត្រូវបានផលិតឡើងដោយក្រុមហ៊ុន Thien Huong តាមកិច្ចសន្យាពាណិជ្ជកម្មជាមួយដៃគូអាជីវកម្មបរទេស ហើយត្រូវបានលក់ផ្តាច់មុខនៅប្រទេស ន័រវែស។
បន្ទាប់ពីមានរបាយការណ៍នៃសារធាតុសម្លាប់សត្វល្អិតនៅក្នុងផលិតផលរបស់ក្រុមហ៊ុន Thien Huong, ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានចេញលិខិតប្រកាសបន្ទាន់មួយ ដោយតម្រូវឲ្យក្រុមហ៊ុនធ្វើការបកស្រាយអំពីការផលិតរបស់ខ្លួន។
ក្រសួងក៏បានបញ្ជាឲ្យ FSMA បន្តការស៊ើបអង្កេតនិងធ្វើតេស្តរកសារធាតុនេះលើផលិតផល Thien Huong ផ្សេងទៀតនៅលើទីផ្សារក្នុងស្រុកផងដែរ។
គួរបញ្ជាក់ថា ថ្មីៗនេះ សារធាតុសម្លាប់សត្វល្អិត អេទីឡែនអុកស៊ីដ ក៏ត្រូវបានគេរកឃើញនៅក្នុងមី Hao Hao រសជាតិបង្គាតុងយ៉ាំនិងមី Good រសជាតិ ឆ្អឹងជំនីជ្រូក នៅប្រទេស អៀរឡង់ផងដែរ៕