ព័ត៌មានសន្តិសុខសង្គម

តុលារការសម្រេចឲ្យប្រជាពលរដ្ឋ ឈ្នះក្តីរឿងដីធ្លី តែមកដល់ពេលនេះ មិនមានសិទ្ធិគ្រប់គ្រងដីឡើយ!

ខេត្តព្រះសីហនុ ៖ រឿងគួរឲ្យចម្លែកទំនាស់ដីធ្លី នៅខេត្តព្រះសីហនុ ប្រជាពលរដ្ឋឈ្នះក្តី ទៅលើឧកញ៉ាម្នាក់ តាំងពីសាលាដំបូងខេត្តរហូតដល់ តុលាការកំពូល ប៉ុន្តែ ពលរដ្ឋនៅតែមិនមានសិទ្ធិគ្រប់គ្រងដីដដែល ជាក់ស្ដែងទំនាស់ដីធ្លី រវាងលោកស្រី ខូវ ប៉ោស៊ាង ជាមួយនឹងលោកឧកញ៉ា លឹម ហ៊ុយឡេង ដែល លោកស្រីបានឈ្នះក្តី តាំងពីសាលាដំបូងខេត្តព្រះសីហនុ រហូតដល់តុលាការកំពូល ដោយសាលដីកាតុលាការកំពូលលេខ ១៦៥ ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០បាន សម្រេចនិង បង្គាប់ឲ្យលោកឧកញ៉ា លឹម ហ៊ុយ ឡេង និង ប្រពន្ធ ឈ្មោះ អ៊ុង ថាវី ប្រគល់ដីទំហំ ៥៣៧៧ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ លេខ ២ ក្រុង.ខេត្តព្រះសីហនុ ទៅឲ្យលោក ស្រី ខូវ ប៉ោស៊ាង គ្រប់គ្រងជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ ប៉ុន្តែសាលដីកា តុលាការកំពូលនោះ មិនត្រូវបាន លោក ឧកញ៉ា លឹម ហ៊ុយឡេង និង ប្រពន្ធអនុវត្តតាមនោះឡើយ ។

លោកស្រី ខូវ ប៉ោស៊ាង បានធ្វើការបញ្ជាក់ថា រូបគាត់មានដីមួយកន្លែងទំហំ ៥៣៧៧ម៉ែត្រការ៉េស្ថិត ក្នុង សង្កាត់លេខ ២ ក្រុង.ខេត្តព្រះសីហនុ ត្រូវបាន លោក ឧកញ៉ា លឹម ហ៊ុយឡេង និងប្រពន្ធ ធ្វើប្លង់កម្មសិទ្ធិរំលោភយកទាំងបំពាន ។ ដោយបញ្ហារនេះលោកស្រី បានដាក់ពាក្យបណ្តឹងតាមច្បាប់ ទៅសាលាដំបូងខេត្ត ព្រះសីហនុដើម្បីទាមទារដីនោះយកមកវិញ ហើយសាលាដំបូងខេត្តព្រះសីហនុ ក៏បានសម្រេច និងតម្រូវឲ្យលោក ឧកញ៉ា លឹម ហ៊ុយឡេង និង ប្រពន្ធ ប្រគល់ដីទំហំ៥៣៧៧ម៉ែត្រការរ៉េ ដែលមាននៅក្នុងវិញ្ញាបនបត្រសម្គាល់អចលនវត្តុលេខ ១៨០១០ ២០២.០៣៨៩ចុះថ្ងៃទី ២៩ខែ មេសា ឆ្នាំ ២០១៥ (ជាប័ណ្ណកម្មសិទ្ធិរបស់លោកឧកញ៉ា លឹម ហ៊ុយឡេង ) ទៅឲ្យលោកស្រី ខូវ ប៉ោស៊ាង គ្រប់គ្រងដីធ្វើជាម្ចាស់កម្មសិទ្ធិស្របច្បាប់វិញ។ ប៉ុន្តែរការសម្រេច របស់ សាលាដំបូងខេត្ត ព្រះសីហនុ ត្រូវបាន លោក ឧកញ៉ា លឹម ហ៊ុយ ឡេង និង ប្រពន្ធ ដាក់ពាក្យប្តឹង ជំទាស់ ទៅសាលាឧទ្ធរណ៏ រហូតដល់ តុលាការកំពូល ប៉ុន្តែរ ជាលទ្ធផល សាលាឧទ្ធរណ៍និង តុលាការកំពូល នៅតែសម្រេចឲ្យលោក ឧកញ៉ា លឹម ហ៊ុយឡេង និងប្រពន្ធ ប្រគល់ដីទំហំ៥៣៧៧ម៉ែត្រការ៉េ ទៅលោក ស្រី ខូវ ប៉ោស៊ាង ដដែល ព្រមទាំងចេញដីកាបង្គាប់ឲ្យ អាជ្ញាធរ មន្រ្តីជំនាញសុរិយោដី ដែលមានសមត្ថកិច្ច ធ្វើវិធីផ្ទេរចុះបញ្ជីកម្មសិទ្ធិ (កាត់ឈ្មោះ) ដីទំហំ ៥៣៧៧ម៉ែត្រការ៉េប្រគល់ឲ្យ លោក ស្រី ខូវ ប៉ោស៊ាង ផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺលោក ឧកញ៉ា លឹម ហ៊ុយឡេង និងប្រពន្ធហាក់ មានចេតនាមិនព្រមអនុវត្តតាមសាលដីកា តុលាការកំពូលនោះឡើយ បើទោះជា លោកឡា ប៊ុនហួន អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅអនុវត្ត សាលដីកាតុលាការកំពូលលេខ ១៦៥ ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ ដល់ទីតាំងដីដែលត្រូវប្រគល់ឲ្យលោក ស្រី ខូវ ប៉ោស៊ាង រួចហើយក៏ដោយ ។ បច្ចុប្បន្នលោកស្រីធ្វើរបង ក៏ខាងតំណាងលោកឧកញ៉ាលឹម ហ៊ុយឡេង បានទៅហាមឃាត់ មិនឱ្យលោកស្រីធ្វើផងដែរ។

ជុំវិញបញ្ហារវិវាទទំនាស់ដីធ្លីខាងលើនេះ លោកជា តារាតំណាង លោក ឧកញ៉ា លឹម ហ៊ុយឡេង បានទទួលស្គាល់ថា លោកពិតជាចាញ់ក្តី លោកស្រីខូវ ប៉ោស៊ាង ប្រាកដមែន ហើយលោក ក៏មិនប្រឆាំងជាមួយនិង អំណាចសាលដីកា របស់តុលាការកំពូលនោះដែរ ប៉ុន្តែដីរបស់លោក គឺជាដីមាន ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដែលកសាងឡើងដោយមន្រ្តីជំនាញត្រឹមត្រូវ ហើយបច្ចុប្បន្ន ប័ណ្ណកម្មសិទ្ធិទីតាំងដីនោះនៅតែជាកម្មសិទ្ធិរបស់លោកដដែល ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *