ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរប្រុស-ស្រីចំនួន១៤នាក់ ដែលបានលួចឆ្លងដែនចូលប្រទេសថៃ ត្រូវបានទាហានថៃ ចាប់ឃាត់ខ្លួននៅគោលដៅ២ដាច់ដោយឡែកពីគ្នាក្នុងថ្ងៃតែមួយ ខណៈពលករខ្មែរបានអះអាងថា ពួកគាត់បានចំណាយអស់លុយ ចំនួន៦.០០០បាត ក្នុងម្នាក់ៗដើម្បីឆ្លងដែនចូលទឹកដីគេ តែចុងក្រោយត្រូវខាងថៃចាប់ខ្លួន ។
ទន្ទឹមនឹងការចាប់ឃាត់ខ្លួនជនជាតិខ្មែរប្រុស-ស្រីឆ្លងចូលទឹកដីថៃនោះ ទាហានថៃក៏បានចាប់ឃាត់ជនជាតិថៃប្រុស-ស្រីចំនួន៦នាក់ទៀត បម្រុងលួចឆ្លងដែនចូលទឹកដីកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ការឃាត់ខ្លួនទាំងពលករខ្មែរឆ្លងចូលដីថៃ និងការឃាត់ខ្លួនជនជាតិថៃប្រុងលួចឆ្លងដែនចូលដីកម្ពុជាខាងលើនេះត្រូវបានធ្វើឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ នៅបរិវេណភូមិលូកឆាង ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។
ក្រោយពីចាប់ឃាត់បាន សមត្ថកិច្ចថៃបានធ្វើការសាកសួរ ពលករខ្មែរទាំងអស់ ដែលបានឆ្លើយប្រាប់ថៃថា ពួកគាត់ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ និងប្រមូលផ្ដុំគ្នានៅភូមិមួយក្នុងឃុំគោករមៀត ស្រុកថ្មពួក ដោយមានមេខ្យល់ជាជនជាតិខ្មែរជាអ្នកនាំដើរកាត់តាមច្រករបៀង និងដើរកាត់ទៅតាមផ្លូវដីកសិកម្ម ដើម្បីមកឡើងរថយន្តនៅបរិវេណថ្នល់ភូមិណាងង៉ាម ឃុំតាប្រាយ៉ា ។ តែចុងក្រោយ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន ដោយអ្នកទាំងអស់មានបំណងទៅធ្វើការនៅក្នុងប្រទេសថៃ ក្នុងនោះបានចំណាយលុយក្នុងការធ្វើដំណើរក្នុងម្នាក់៦.០០០បាត។
ក្រោយមក សមត្ថកិច្ចបាននាំពលករទាំងអស់ទៅធ្វើការសាកសួរ នឹងធ្វើកំណត់ហេតុចាប់ខ្លួន អនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាល បន្ទាប់មកបានបញ្ជូនឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យបន្ត។
នៅថ្ងៃដដែលនោះដែរ នៅវេលាម៉ោង២និង១៥នាទីរសៀល កម្លាំងទាហានប្រចាំការស្រុកតាប្រាយ៉ា សហការជាមួយកងកម្លាំងបូរផា បានប្រទះឃើញរថយន្តសង្ស័យ១គ្រឿង បើកចូលមកក្នុងភូមិសាស្ត្រខ្លួនទទួលខុសត្រូវ ទើបសមត្ថកិច្ចឃាត់ឲ្យឈប់ និងត្រួតពិនិត្យរថយន្តម៉ាកអ៊ីស៊ុយហ្ស៊ុយ ពាក់ស្លាកលេខก-1195 ស្រះកែវ។
នៅពេលសមត្ថកិច្ចពិនិត្យក្នុងរថយន្ត ឃើញមានជនជាតិថៃចំនួន៦នាក់ ក្នុងនោះប្រុស២ នឹងស្រី៤នាក់ ដោយពួកគេបានសាររភាពថា ពួកគេមានបំណងលួចឆ្លងដែនទៅប្រទេសកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ។ហើយការធ្វើដំណើរលើកនេះ ខាងក្រុមហ៊ុនកាស៊ីណូអនឡាញ ជាអ្នកចំណាយទាំងអស់ ដោយឡែកអ្នកនាំបានទទួលថ្លៃឈ្នួលក្នុងម្នាក់៥០០បាត សរុប២,៥០០បាត ក្នុងការនាំជនជាតិថៃខាងលើទៅឯព្រំដែនក្នុងបរិវេណថ្នល់ស្រីពេញ តែក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ទើបសមត្ថកិច្ចថៃបញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការបន្ត ៕