ភ្នំពេញ៖ តើកម្មករ-កម្មការិនីតែកំពុងបម្រើការងារនៅតាមបណ្ដារោងចក្រសហគ្រាសនានាទូទាំងព្រះរាជា ណាចក្រកម្ពុជាចាប់អារម្មណ៍យ៉ាងណាចំពោះកិច្ចប្រជុំរវាងវិស័យឯកជននិងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ,ជាមួយសហជីពនិងស្ថាប័នផ្សេងទៀតពាក់ព័ន្ធនិងការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់ពួកគាត់នោះ។ តើកម្មករ-កម្មការិនីចង់បានប្រាក់ឈ្នួលគោលអប្បបរមាប៉ុន្មានក្នុងមួយខែ?
នៅគ្រាដែលក្រសួងការងារបានបើកកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀត កម្មករ-កម្មការិនីវិស័យកាត់ ដេរ បានសាទរទៅនឹងតួលេខប្រាក់ឈ្នួលដែលស្នើដំឡើងដោយភាគីសហជីព ២១ដុល្លារបន្ថែមក្នុងមួយខែសម្រាប់ប្រាក់ឈ្នួលអតិប្បរមាឆ្នាំ២០២៣ ដោយបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលនេះ នឹងឆ្លើយតបនិងការកើនឡើងនៃអតិផរណាតម្លៃមុខទំនិញ ចំណាយផ្សេងៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ-កម្មការិនីរោងចក្រនោះផងដែរ។
កម្មករ-កម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ ខ្វាន់ទុម ខ្លូស៊ីង (ខេមបូឌា) លីមីធីត ស្ថិតនៅតាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែន រាជធានីភ្នំពេញលើកឡើងថា ការទាមទារចង់បានប្រាក់ ឈ្នួលកើនដល់ជាង ២០០ដុល្លារ ក្នុង១ខែ ដើម្បីទប់ទល់នឹងការចំណាយប្រចាំថ្ងៃ និងទំនិញគ្រប់ប្រភេទឡើងថ្លៃដូចគ្នា ដែលធ្វើឲ្យការចាយវាយរបស់ពួកគាត់ត្រូវត្បិតត្បៀត។ ពួកគាត់ត្អូញត្អូរអំពីទំនិញផ្សេងៗឡើងថ្លៃនៅក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ។
បងប្អូនកម្មករ-កម្មការិនីបានលើកឡើងស្រដៀងគ្នាទៀតថា ប្រាក់ឈ្នួលអប្បបរមា យ៉ាងហោចណាស់ក៏គួរកើនលើសជាង ២០០ដុល្លារដែរ ដើម្បីឲ្យងាយស្រួលផ្គត់ផ្គង់ក្នុងការចំណាយនានា និងគ្រាន់សល់ប្រាក់កាក់ខ្លះ ដើម្បីដោះបំណុល និងផ្ញើទៅសាច់ញាតិរស់នៅស្រុកកំណើត។ នៅស្រុកកំណើតនោះទៀតក៏ត្រូវដោះស្រាយបញ្ហាផ្សេងៗជាច្រើនដែលសព្វថ្ងៃនេះត្រូវពឹងផ្អែកទាំងស្រុងទៅលើកម្លាំងពលកម្មរបស់កម្មករ។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ ឆ្នាំទី២ នៅរសៀលថ្ងៃទី២៤ សីហា ឆ្នាំ២០២២ គីសហជីពស្នើដំឡើងចំនួន ២១ដុល្លារ ។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានលើកឡើងថា ឆ្លងកាត់ការពិភាក្សា និងប្រជុំផ្ទៃរបស់ក្រុមសហជីព បានសម្រេចឯកភាពគ្នាទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតចំនួន ២១៥ដុល្លារ ដោយយោងទៅកត្តាអតិផរណា កត្តាផលិតភាព និងកត្តាប្រាក់ចំណេញថ្នាក់វិស័យក៏កើនឡើងដូចគ្នា ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំត្រីភាគីចំនួន ៦ ដងទៀត ដើម្បីពិភាក្សាទៅលើប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរ ដោយបានកំណត់យកថ្ងៃទី ២៣ ខែកញ្ញា ជាថ្ងៃកំណត់ចុងក្រោយ ដែលត្រូវប្រកាសប្រាក់ឈ្នួលគោលក្នុងវិស័យកាត់ដេរ សម្រាប់កម្មករនៅឆ្នាំ ២០២៣។
ក្នុងឆ្នាំ២០២២នេះ កម្មករនិយោជិតដែលបំពេញការក្នុងវិស័យឧស្សាហកម្មកាត់ដេរមានចំនួន ១៩៤ ដុល្លារអាម៉េរិក។ បូកទាំងប្រាក់ឈ្នួលអប្បបរមា ប្រាក់ថែមម៉ោងការងារ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត កម្មករនិយោជិតម្នាក់ អាចទទួលប្រាក់ខែចន្លោះ ២៥០ ទៅ ៣០០ដុល្លារ នៅក្នុងមួយខែ៕