រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មន្ត្រីសាខា(ក.ប.ប.) ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រាជធានីភ្នំពេញ បានបន្តសកម្មភាពចុះបង្ក្រាបបទល្មើសដែលផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជាលទ្ធផល ត្រូវបានរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ចំនួន ៤ទីតាំង ក្នុងចំណោម ៨ទីតាំង បានប្រកបអាជីវកម្មប្រេងឥន្ធនៈ ដោយមិនស្មោះត្រង់ (ចំណុះមិនគ្រប់លីត្រ និងបន្លំប្រេងសាំងធម្មតាជាប្រេងសាំងស៊ុបពែរ ) និងត្រូវបានមន្ត្រីជំនាញចាត់វិធានការតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ ។
ទន្ទឹមនឹងនោះ មន្ត្រីជំនាញ(ក.ប.ប.) សាខាខេត្តតាកែវ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានចុះអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីត្រួតពិនិត្យតាមដាន ការធ្វើអាជីវកម្មប្រេងឥន្ធនៈ សំដៅទប់ស្កាត់នូវអំពើមិនសុចរិតការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញដេប៉ូចំនួន៣ ក្នុងចំណោមដេប៉ូ ចំនួន០៦ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បានលក់ប្រេងជូនអតិថិជនមិនស្មោះត្រង់ ហើយត្រូវបានមន្ត្រី ក.ប.ប. អនុវត្តវិធានការតាមនីតិវិធី ៕