រាជធានីភ្នំពេញ ៖ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅក្នុងភូមិ១៦ (ហៅផ្សារ រន្ទះបាញ់ ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួន ក្នុងនោះម្នាក់ឈ្មោះ អ៊ឹម យូសែប ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខB2 ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ដង្កោ ខណ្ឌដង្កោ ជាអ្នកបើកម៉ូតូកង់បី មានសារធាតុញៀន និងម្នាក់ទៀតឈ្មោះ អឿ សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ មានសារធាតុញៀន ។ ដោយឡែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនចូលផ្ទះបាត់ មិនស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គឺកម្លាំងសមត្ថកិច្ចនៃអធិការរដ្ឋានខណ្ឌចំការមន បានល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ក្រែងមានប្រជាពលរដ្ឋប្រមូលផ្ដុំជួបជុំគ្នាផឹកស៊ីល្មើសនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ ។
តាមប្រភពដដែលបានបន្តថា ស្របពេលសមត្ថកិច្ចល្បាតមកដល់ផ្លូវសុធារស ចំនុចមុខផ្សារអ៊ីអន១ ក៏ប្រទះឃើញបុរស៣នាក់ កំពង់ឈរក្បែរកង់បីឥណ្ឌា ពណ៌សមួយគ្រឿង គ្មានស្លាកលេខ ហើយធ្វើសកម្មភាពហុចរបស់អ្វីម្យ៉ាងអោយគ្នាដោយលាក់លៀមៗគួរសង្ស័យ បន្ទាប់មកសមត្ថកិច្ចក៏ចូលទៅសួរនាំ ស្រាប់តែជនសង្ស័យទាំង៣នាក់នោះ គ្រាន់តែឃើញសមត្ថកិច្ច ក៏បើកកង់បីជិះគេចយ៉ាងលឿន។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ជិះម៉ូតូប្រដេញតាមឃាត់សួរនាំ តែត្រូវជនសង្ស័យទាំង៣នាក់នោះ មិនព្រមឈប់ និងបន្តបើកគេចផ្អើលអស់មួយចំហៀងខណ្ឌចំការមន ។
តាមប្រភពដដែលបានបន្តទៀតថា លុះសមត្ថកិច្ចតាមរហូតមកដល់ក្រោយមន្ទីរពេទ្យរុស្ស៊ី ស្រាប់តែជនសង្ស័យបត់ម៉ូតូកង់បីត្រឡប់ក្រោយវិញ សំដៅមកដល់ផ្សារទួលទំពូង នៅតែមិនព្រមឈប់ទៀត ហើយសមត្ថកិច្ចនៅតែបន្តប្រដេញតាម ក៏ត្រូវជនសង្ស័យទាំង៣នាក់នោះ យកដុំថ្មដែលលាក់ទុកក្នុងម៉ូតូកង់បី គប់សំដៅមកសមត្ថកិច្ច ត្រូវរងរបួសស្រាលហើយជនសង្ស័យទាំង៣នាក់នោះ បានលើកធុងបាស គប់សំដៅទៅលើសមត្ថកិច្ច បណ្តាលឲ្យដួលម៉ូតូរងរបួស និងបន្តបើករត់ និងកៀរផ្តួលម៉ូតូសមត្ថកិច្ច ដួលច្រើនគ្រឿងរងរបួសធ្ងន់និងស្រាល ហើយជនសង្ស័យបើកកង់បីរហូតមកដល់ក្នុងភូមិ១៦ចំនុចផ្សាររន្ទះបាញ់ ទើបជនសង្ស័យទាំង៣នាក់ ក៏ព្រមឈប់ ផ្អើលអស់ប្រជាពលរដ្ឋក្នុងភូមិ ស្មានតែជាចោរ ក៏នាំគ្នាព្រួតវាយម្នាក់មួយដៃ ម្នាក់មួយជើង រងរបួស ស្រាល ភ្លាមៗសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនចូលក្នុងផ្ទះខ្លួននៅជិតនោះ ចំណែកសាច់ញាតិបានចេញមកជេរស្តី និងរារាំងសមត្ថកិច្ច មិនអោយឃាត់ខ្លួនកូនខ្លួនឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងម៉ូតូកង់បី១គ្រឿង នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់សួរនាំ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការរដ្ឋានខណ្ឌចំការមន ចាត់ការបន្តតាមនិតិវិធី ៕