ព័ត៌មាន

រឿងហ្នឹងពិតទេ ទុក្ខ ប្តីកាន់លុយ.!

រាជធានីភ្នំពេញ ៖ អាចនិយាយថា ជាវប្បធម៌ស្រ្តីខ្មែរ ក្នុងនាមជាភរិយា ស្រ្តីត្រូវតែជាអ្នកកាន់កាប់លុយកាក់ដែលស្វាមីរកបាន ហើយបុរសទោះបីរអ៊ូខ្លះៗក្តី នៅទីបំផុតនៅតែប្រគល់សិទ្ធក្នុងការគ្រប់គ្រងលុយដែលរកបានទៅឲ្យភរិយាជាដដែរ ។

អ្នកនាង នោ រ៉ា អាយុ ៣០ ឆ្នាំ ជាអ្នករស់នៅសង្កាត់ស្នោរ ខណ្ឌកំបូល បានរៀបការជាមួយស្វាមីរបស់ពេល ១៣ ឆ្នាំមកហើយ ។ អ្នកនាង និងស្វាមីជាកម្មករកាត់ដេរដូចគ្នា ដែលមានចំណូលប្រចំាខែម្នាក់ៗពី ២០០ ទៅ ៣០០ ដុល្លារ ។ ស្រ្តីដែលមានកូនស្រីម្នាក់រូបនេះ និយាយទំាងទឹកមុខញញឹមថា «នៅពេលបើកបានប្រាក់ខែម្តងៗ គាត់បានប្រគល់មកឲ្យខ្ញុំសឹងអស់ គាត់ទុកសម្រាប់ចាយវាយផ្ទាល់ខ្លួនតែមួយចំនួនតូចប៉ុណ្ណោះ» ។

ទោះយ៉ាងណាអ្នកនាងថា នៅពីក្រោយខ្នងនាងពុំដឹងថា ប្ដីមានគំនិតយោបល់បែបណានោះទេ ប៉ុន្តែនៅនឹងមុខនាង ស្វាមីពុំដែលរអ៊ូរឿងឲ្យលុយប្រពន្ធនេះទេ ។ «ពួកយើងមានកាតព្វកិច្ចបង់ធនាគារក្នុងមួយខែ ៣០០ ដុល្លារ ពីព្រោះពួកយើងខ្ចីមកសាងសង់ផ្ទះ ។ ក្រៅពីបង់ធនគារប្រាក់នៅសល់ខ្ញុំចាត់ចែងសម្រាប់តម្រូវការគ្រួសារ ដូចជាទុកចងដៃការគេ ឬបុណ្យទានផ្សេងៗ» ។

អ្នកស្រី ម៉ក់ គឹមសាន្ត ជាអាជីករនៅម្តុំចោមចៅជាស្រ្តីមេផ្ទះម្នាក់ទៀត ។ ស្រ្តីវ័យ ៣៥ ឆ្នាំម្នាក់នេះ លើកឡើងថា ស្រ្តីណាក៏ដូចស្រ្តីណាដែរ ដាច់ខាតអារឿងលុយនេះ ត្រូវតែយកមកទុកដាក់ ។ អ្នកស្រីបានចាប់ដៃគ្នាជាមួយស្វាមីជិត ១០ ឆ្នាំ ស្វាមីរបស់គាត់ជាមន្រ្តីយោធា ដែលមានប្រាក់ខែជាងមួយលានរៀល ឬជិត ៣០០ ដុល្លារ ។ «ស្រីៗពិតជាត្រូវការលុយពីប្ដីជាចាំបាច់ ព្រោះអីស្រីៗគឺជាអ្នកចាត់ចែងទូទៅក្នុងគ្រួសារបន្ទាប់ពីប្ដី និងត្រូវភាពកក់ក្ដៅពីប្ដីបំផុត» អ្នកស្រី គឹមសាន្ត និយាយទំាងទឹកមុខមាំ ។

សម្រាប់គាត់លុយស្វាមីមិនត្រឹមធ្វើឲ្យគ្រួសាររុងរឿងនោះទេ តែជាភាពកក់ក្តៅដែលគាត់ត្រូវទទួលបានពីស្វាមី ។ ជាមួយនេះ អ្នកស្រី បានសរសើរដោយត្រង់ចំពោះស្វាមីរបស់គាត់ថា មានភាពស្មោះត្រង់ និងមិនលាក់លៀមចំពោះភរិយានោះឡើយរឿងលុយកាកក់នេះ ។ «ស្រ្តីជាមេផ្ទះ ការយក លុយស្វាមីមកទុកដាក់ មិនបានយកទៅណានោះទេ គឺទុកសម្រាប់តែការចំណាយទៅលើការហូបចុកប្រចាំថ្ងៃ ចំណាយលើកូនរៀន និងថែទាំឪពុកម្ដាយចាស់ប៉ុណ្ណោះ ប្រសិនបើសល់ក៏ទុកសន្សំជាទ្រព្យសម្បត្តិគ្រួសារ» គាត់បញ្ជាក់បន្ថែម ។

ទោះយ៉ាងណាស្រ្តីមេផ្ទះដែលបានជួបសម្ភាសដែលអះអាងពីការដែលត្រូវកាន់កាប់ គ្របគ្រងលុយស្វាមីរកបាននេះ ពួកគាត់មិននៅស្ងៀមចាំតែទទួល លុយពីស្វាមីនោះទេ ។ ពួកគាត់មានមុខរបរ និងមានការងាររកចំណូលរៀងៗខ្លួន ។ ការដែលត្រូវទុកដាក់លុយពីស្វាមី ហាក់ជាកាតព្វកិច្ចមួយដែលស្វាមីត្រូវបំពេញចំពោះគាត់ និងក្រុមគ្រួសារ ។ ដូចអ្នកស្រី ម៉ក់ គឹមសាន្ត បានលើកឡើងហើយ ពេលគាត់ទទួលលុយពីស្វាមីមកទុក គាត់កត់ក្តៅក្នុងអារម្មណ៍ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *