ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំមន្ត្រីនៃមន្ទីរជំនាញ ចុះអន្តរាគមន៍ បើកទំនប់ទឹក ដែលប្រជាពលរដ្ឋមួយចំនួនតូច ខ្វះការយល់ដឹង នាំគ្នាបិទខ្ទប់ទុកទឹក សម្រាប់បង្ហូរចូលតែស្រែរបស់ខ្លួន។
បញ្ហានេះ តែងតែកើតមានឡើងជាច្រើនឆ្នាំ និងមានការឈ្លោះទាស់ទែងពាក្យសម្តីគ្នា រហូតមកដល់ពេលនេះ។ ជម្លោះដណ្តើមទឹកនេះ កើតឡើង នៅភូមិភ្នំកុយ (ចំនុចសំបូរ) ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នៅពេលពិនិត្យដីស្រែ និងប្រព័ន្ធប្រឡាយរបស់ប្រជាពលរដ្ឋខ្វះខាតទឹក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់អោយមន្ត្រីចុះបើកផ្លូវទឹក ដែលបានបិទខ្ទប់បង្ហូរចូលស្រែតែបុគ្គលរៀងខ្លួន ដោយមិនបានគិតដល់ប្រយោជន៍រួម។
លោកជំទាវ បានអំពាវនាវដល់កសិករទាំងអស់ ដែលមានដីស្រែ នៅជាប់នឹងមាត់ប្រឡាយទឹក មិនត្រូវគិតតែពីផលប្រយោជន៍បុគ្គលឡើយ គឺត្រូវគិតពីផលប្រយោជន៍រួម ពោលគឺមិនត្រូវធ្វើទំនប់ ទប់ទឹកប្រឡាយ សម្រាប់បង្ហូរចូលដីស្រែរបស់ខ្លួនតែម្នាក់ឯងនោះឡើយ គឺត្រូវបង្ហូរចែកចាយដល់ប្រជាកសិករ ដែលមានដីស្រែ នៅផ្នែកខាងក្រោយ និងខាងក្រោមៗផងដែរ។ ម្យ៉ាងវិញទៀត បើសិនជាមាន បងប្អូនប្រជាពលរដ្ឋណាម្នាក់ នៅតែលួចទប់ទឹក សម្រាប់ស្រែរបស់ខ្លួនម្នាក់ឯង មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ នឹងត្រូវអនុវត្តតាមផ្លូវច្បាប់ ដោយគ្មានករណីលើកលែងនោះឡើយ។
ជាមួយគ្នានេះដែរ ក្រោយពីមានការសំណូមពរពីប្រជាកសិករ ដែលមានដីស្រែនៅផ្នែកខាងក្រោមៗ ដែលខ្វះប្រព័ន្ធទឹកទៅដល់ លោកជំទាវ បានចាត់អោយប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះទៅជីកកកាយប្រឡាយទឹកបន្ថែមទៀត និងបានសំណូមពរដល់អ្នក ដែលមានដីស្រែប៉ះត្រូវចំកន្លែងជីកកាយប្រឡាយ សូមឱ្យមានកិច្ចសហការ និងយោគយល់អាធ្យាស្រ័យ ដើម្បីប្រយោជន៍រួមទាំងអស់គ្នា។
ចំណែកប្រជាកសិករ លោកតា លោកយាយ ដែលមានដីស្រែខ្វះខាតទឹក កន្លងមក មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ខណ:ដែលលោកជំទាវអភិបាលខេត្ត បានចុះពិនិត្យ និងដោះស្រាយបញ្ហាផ្ទាល់ ដែលបានអូសបន្លាយជាច្រើនឆ្នាំកន្លងមក ត្រូវដោះស្រាយបញ្ចប់ ដោយគ្មានអ្នកចាញ់ គ្មានអ្នកឈ្នះ បានឯកភាព បើកបង្ហូរទឹកតាមប្រឡាយដើម្បី ទឹកហូរទៅដល់គ្រប់ទីវាល ស្រោចស្រង់ដំណាំស្រូវរស់ឡើងវិញ៕