ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍០២ករណីនៅកន្លែងតែមួយបណ្ដាលឲ្យស្លាប់មនុស្ស០២នាក់ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ថានីយ៍ដឹកអ្នកដំណើរអន្តរជាតិ ប៉ោយប៉ែត(ស៊ូជីង) ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ករណីទី០១ នៅវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ នៅ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតស្ថានីយ៍ដឹកអ្នកដំណើរអន្តរជាតិប៉ោយប៉ែត(ស៊ូជីង) ប្រហែល២៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុកជាមួយរថយន្តស្ទូចទម្ងន់២តោនកន្លះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-1390 ស្លាប់០១នាក់។ជនរងគ្រោះដែលស្លាប់ឈ្មោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ បើកបរម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1G-3768 សពត្រូវបានយកទៅតម្កល់ទុកនៅវត្តអណ្តូងថ្មមាស ដើម្បីស្រាវជ្រាវរកសាច់ញាតិ ។
នគរបាលបានបញ្ជាក់ថា៖មុនពេលកើតហេតុ អ្នកបើកម៉ូតូបានធ្វើដំណើរពីលិចទៅកើត បានជែងរថយន្តបើកនៅពីមុខ ហើយជ្រុលទៅបុកជាមួយរថយន្តស្ទូច២តោនកន្លះ ដែលបើកច្រាសទិសគ្នាពីកើតទៅលិចបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ នៅនឹងកន្លែង ។
នគរបាលបានបញ្ជាក់ទៀតថា៖ករណីទី០២ នៅវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃដដែលនិងជិតកន្លែងដដែល មានគ្រោះថ្នាក់ចរាចរណ៍០១ករណីទៀតរវាងម៉ូតូបើកទៅបុករថយន្តពីក្រោយក្នុងទិសដៅស្របគ្នា ។ជនរងគ្រោះឈ្មោះ យូ សុខសិរីភេទប្រុសអាយុ ២៧ឆ្នាំ មានទីលំនៅរស់នៅភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បើកបរម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E-2466 ។
នគរបាលបានឲ្យដឹងទៀតថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូធ្វើដំណើរពីទិសខាងលិចទៅកើត ពេលដល់ចំណុចមុខស្ថានីយ៍ដឹកអ្នកដំណើរអន្តរជាតិប៉ោយប៉ែត(ស៊ូជីង) ស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស បានបុករថយន្តពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់ នៅក្នុងមន្ទីរពេទ្យ ។ចំណែករថយន្តក្តាប់អត្តសញ្ញាណមិនបាន ក្រោយកើតហេតុបើករត់គេចខ្លួនបាត់ ។វត្ថុតាងគ្រោះថ្នាក់ទាំង០២ករណីនេះនគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ៕