ព័ត៌មាន

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនជូនប្រជាពលរដ្ឋមានការខ្វះខាត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនទៀតជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង រៀបចំនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជាការកិច្ចចាប់ផ្ដើម លោក សួន ម៉ាលីន អភិបាលស្ដីទីនៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងគណៈអធិបតីថា ខេត្តព្រៃវែង បានជួបប្រទះនូវទឹកជំនន់ទឹកភ្លៀង ចាប់ពីដើមខែតុលាឆ្នាំ២០២០ ដែលបានធ្វើឱ្យខូចខាតផ្លូវដែលសាងសង់ដោយមូលនិធិឃុំសរុបជាង៧ម៉ឺន៧ពាន់ម៉ែត្រ, ទំនប់ប្រឡាយ១៥០ម៉ែត្រ, ប្រព័ន្ធលូ៦៥កន្លែង និងបានប៉ះពាល់ផ្ទៃដីដាំដុះស្រូវចំនួន៧ក្រុងស្រុក។
លោកបន្តថាផលស្រូវដែលប៉ះពាល់សរុបមាន៥,៦៦៨ហិកតា ខូចខាតចំនួន ៣,៥០០ហិកតា ស្មើនឹង ៣,៥០០គ្រួសារ ក្នុងនោះស្រុកបាភ្នំចំនួន៦២៦ហិកតា, ស្រុកកំពង់ត្របែកចំនួន ៧៣៦ហិកតា, ស្រុកមេសាងចំនួន៣៧៦ហិកតា,ស្រុកពាមរក៍ចំនួន៤៦៥ហិកតា, ស្រុកព្រះស្តេចចំនួន៥៧៦ហិកតា, ក្រុងព្រៃវែងចំនួន៣៦០ហិកតា និងស្រុកពោធិ៍រៀងចំនួន ៣៦១ហិកតា។
អញ្ជើញមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាវត្តមានរបស់សម្ដេចដែលបានមកជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋនាឱកាសនេះ គឺស្ថិតក្នុងយុទ្ធនាការមួយរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដល់លទ្ធភាពឱ្យបងប្អូនអាចចាប់ផ្ដើមការបង្កបង្កើនផលឡើងវិញ។
សម្ដេចបានមានប្រសាសន៍ថាការងារផ្ដល់ជំនួយ ពិសេសពូជស្រូវ ពូជបន្លែជូនពលរដ្ឋនាពេលនេះ គឺជាជំហានបន្ទាប់ ក្រោយពីរាជរដ្ឋាភិបាល បានដឹកនាំការងារជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយទឹកជំនន់ ដែលទន្ទឹមគ្នានឹងការជួយសង្គ្រោះនាពេលកន្លងមកនោះ បងប្អូនប្រជាពលរដ្ឋពិតជាបានជ្រាបហើយថារាជរដ្ឋាភិបាល និងអាជ្ញាធរបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកនោះ។
សម្ដេចបានមានប្រសាសន៍ថាបច្ចុប្បន្ន ខេត្តព្រៃវែងជាខេត្តលេខ១ លើខេត្តបាត់ដំបង ដែលមានការបង្កបង្កើនផលស្រូវបានច្រើន។ សម្ដេចបានបន្ថែមថាការធ្វើស្រូវបានច្រើននេះ ក៏ដោយសារប្រជាពលរដ្ឋជាប្រជាកសិករមានឱកាសធ្វើស្រែបាន២ទៅ៣ដងក្នុងមួយឆ្នាំ អាស្រ័យដោយមានប្រព័ន្ធធារាសាស្រ្ត និងមានមធ្យោបាយធ្វើស្រែទំនើប រួមផ្សុំនឹងការមានទីផ្សារល្អសមរម្យ។
សម្ដេចបានមានប្រសាសន៍ថាសម័យនេះ ទោះបីជាប្រជាកសិករធ្វើស្រែកើនឡើង ប៉ុន្តែតម្រូវការកម្លាំងកសិករធ្វើស្រែបែរជាមានតិចទៅវិញ ដោយសារតែការធ្វើកសិកម្មបានប្រែក្លាយពីកសិកម្មតាមបែបប្រពៃណី មកជាការធ្វើស្រែតាមបែបទំនើប ដូចជាប្ដូរពីការភ្ជួរដោយគោក្របី មកជាការភ្ជួរដោយត្រាក់ទ័រ ឬគោចយន្ត ឬប្ដូរពីការស្ទូងមកជាព្រោះគ្រាប់ និងប្ដូរមកច្រូតកាត់បោកបែនដោយម៉ាស៊ីន។
សម្ដេចក៏បានជម្រាបជូនប្រជាពលរដ្ឋដែរថា របៀបរបបធ្វើការងាររបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដែលបងប្អូនតែងតែបោះឆ្នោតគាំទ្រមកនេះ គឺមានប្រពៃណីបែងចែកមន្រ្តីឱ្យចុះទៅតាមមូលដ្ឋាន ដើម្បីតាមដានតម្រូវការ ក្ដីកង្វល់ និងសំណូមពរនានារបស់បងប្អូន ហើយរួមសហការគ្នាពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ដើម្បីមានវិធានការដោះស្រាយឱ្យបានឆាប់រហ័សបំផុត និងមានទំលាប់រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា និងនៅលើពិភពលោក ដោយសម្ដេចបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថារដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋនឹងបន្តបង្កើនការប្រុងប្រយ័ត្ន ហើយអនុត្តវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាកាត់បន្ថយការប្រមូលផ្ដុំ ការប្រើម៉ាស់ និងលាងដៃជាដើម។
សម្ដេចឧបនាយករដ្ឋមន្រ្តីក៏បានបន្តមានប្រសាសន៍ អំពីបញ្ហាគ្រឿងញៀនដោយសម្ដេចបានសង្កត់ធ្ងន់ថាបញ្ហាគ្រឿងញៀន វានឹងមិនងាយបញ្ចប់ដូចបញ្ហាកូវីដ១៩នោះទេ។ ដូច្នេះសម្ដេចបានអំពាវនាវប្រជាពលរដ្ឋ បន្តចូលរួមអប់រំកូនចៅ សមាជិកគ្រួសារ ចៀសឆ្ងាយពីគ្រឿងញៀន។ ព្រមជាមួយគ្នានេះ អាជ្ញាធរត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹង ហើយប្រជាពលរដ្ឋត្រូវចូលរួមរាយការណ៍ករណីគ្រឿងញៀនទៅកាន់អាជ្ញាធរ។
ទន្ទឹមនឹងការរាយការណ៍ ឬប្ដឹងអំពីបញ្ហាគ្រឿងញៀន ឬបញ្ហាផ្សេងៗទៅកាន់អាជ្ញាធរ ឬក្នុងករណីអាជ្ញាធរមិនសូវអើពើនឹងបញ្ហាណាមួយ សម្ដេចក្រឡាហោម ក៏បានថ្លែងលើកទឹកចិត្តប្រជាពលរដ្ឋរាយការណ៍បញ្ហាទាំងនោះទៅកាន់បណ្ដាញផ្សព្វផ្សាយនានា ឬតាមរយៈមធ្យោបាយបណ្ដាញទំនាក់ទំនងសង្គម ដូចជាហ្វេសប៊ុកជាដើម ដើម្បីឱ្យបញ្ហាទាំងនោះត្រូវបានលាតត្រដាង និងមានដំណោះស្រាយ។
មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង សម្ដេចក្រឡាហោម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំក្រុមការងារ និងអាជ្ញាធរគ្រប់លំបាប់ថ្នាក់ដែលបានរួមសាហការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេល និងបានអំពាវនាវប្រជាពលរដ្ឋខិតខំកសាងជីវភាពគ្រួសារឱ្យបានប្រសើរ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចសង្គម និងប្រទេសជាតិ។
សូមបញ្ជាក់ថា អំណោយដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនេះ រួមមានស្រូវពូជ១០០គីឡូក្រាម, គ្រាប់ពូជបន្លែ៤មុខ មានស្ពែពីរមុខ ត្រប់ និងត្រកួន ព្រមទាំងឃីតមួយកញ្ចប់ មានសម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគ រួមទាំងថវិកាមួយចំនួនទៀតដែរ។
បន្ទាប់ពីបញ្ចប់ពិធីសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋនៅទីនេះ សម្ដេចបានបន្តអញ្ជើញសួរសុខទុក្ខ និងចែកអំណោយដូចគ្នានេះជូនពលរដ្ឋដែលរៀបចំនៅសាលាខេត្តព្រៃវែង៕
adm

Leave a Reply

Your email address will not be published. Required fields are marked *