សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក.) បានប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកាថ្មីសរុបចំនួនជាងពីរពាន់នាក់ ដែលមកពីសាខាមជ្ឈមណ្ឌលជាតិផ្តល់ឈាម មន្ទីរពេទ្យរដ្ឋ និងសាកលវិទ្យាល័យនានា។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក នៅរសៀលថ្ងៃទី១៥ខែធ្នូនេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកាថ្មី នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងអបអរសាទរខួប១០ឆ្នាំនៃថ្ងៃបង្កើតសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលបានរៀបចំធ្វើឡើងនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាខាចោមចៅ រាជធានីភ្នំពេញ។
នៅអង្គពិធីឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានថ្លែងថា ឆ្នាំនេះជាខួប១០ឆ្នាំ ដែលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានបង្កើតឡើង ដោយក្នុងរយៈពេល១០ឆ្នាំនេះ សម្រេចបានសមិទ្ធផលជាច្រើនរួមមាន៖ ការពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុង ការចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយឥតគិតថ្លៃ និងជាពិសេសការប្រយុទ្ធប្រឆាំងក្នុងសមរភូមិជំងឺរាតត្បាតសកល ខូវីដ-១៩ រួមទាំងសកម្មភាពផ្សេងៗជាច្រើនទៀតផងដែរ។ បន្ថែមលើនេះ ឯកឧត្តម ហ៊ុន ម៉ានី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកាថ្មី ដែលបានចូលរួមក្នុងក្រុមគ្រួសារសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក មានបេកកម្មក្នុងបុព្វេហេតុជាតិ និងកិច្ចការងារសង្គមនានា ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។
សមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកាថ្មី បានប្រាប់ អង្គភាពយើងថា ការសម្រេចចូលរួមក្នុងសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក គឺដើម្បីចង់ចូលរួមចំណែកលើកកម្ពស់សុខភាពប្រជាពលដ្ឋនៅកម្ពុជាឱ្យមានសុខភាពល្អ និងអប់រំឱ្យយល់ដឹងពីរបៀបថែទាំសុខភាពកុំឱ្យមានជំងឺ។ លើសពីនេះ ពួកគេបានប្តេជ្ញា បំពេញឱ្យការងារឱ្យល្អ ស្របទៅតាមបទផ្ទៃក្នុងរបស់សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក។
គួរបញ្ជាក់ដែរថា សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកាថ្មី នៅពេលនេះ សរុបចំនួន២,៧០១នាក់ មកពីសាខាចំនួន៨រួមមាន៖ ទី១.មន្ទីរពេទ្យកាល់ម៉ែត ទី២.មន្ទីរពេទ្យកុមារជាតិ ទី៣.មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទី៤.សាកលវិទ្យាល័យអន្តរជាតិ ទី៥.សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ទី៦.សាកលវិទ្យាល័យន័រតុន ទី៧.សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងទី៨.សាលាមធ្យសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង៕