ព័ត៌មាន

តួកគី ស្នើកម្ពុជារៀបចំឱ្យមានកិច្ចព្រមព្រៀងស្តីពីបត្យាប័នរវាងប្រទេសទាំងពីរ

នារសៀល ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ, នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Ayda Ünlü ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសកម្ពុជា និងប្រទេសតួកគី។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងយុត្តិធម៌ បានឱ្យដឹងនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកានេះថា នៅក្នុងជំនួបនេះ, លោកជំទាវឯកអគ្គរដ្ឋទូត បានស្នើសុំឯកឧត្តមរដ្ឋមន្ត្រី ក្នុងការរៀបចំឱ្យមានកិច្ចព្រមព្រៀងស្តីពីបត្យាប័នរវាងប្រទេសទាំងពីរ។ ចំពោះសំណើនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យភាគីតួកគីរៀបចំដាក់សំណើនេះជាផ្លូវការតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីក្រសួងយុត្តិធម៌រៀបចំនីតិវិធីបន្ត ដើម្បីឈានទៅដល់ការសិក្សាលើការរៀបចំកិច្ចព្រមព្រៀងស្តីពីបត្យាប័ននេះ នាពេលខាងមុខ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានឯកភាពគ្នាក្នុងការកំណត់ Focal Point រៀងៗខ្លួនសម្រាប់ការអនុវត្តការងារនេះ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។
adm

Leave a Reply

Your email address will not be published. Required fields are marked *