ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី៣

ភ្នំពេញ ៖ នៅល្ងាចថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះបរមរាជវាំង ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤។

 

ព្រះរាជពិធីបុណ្យអុំទូកថ្ងៃចុងក្រោយនេះ នេះ មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗ មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺនសព្វមុខមន្ត្រី ព្រះរាជវង្សានុវង្ស ឧត្ដមប្រឹក្សាព្រះមហាក្សត្រ អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្ដារាជធានី-ខេត្ត យ៉ាងច្រើនកុះករប្រកបដោយទឹកមុខសប្បាយរីករាយយ៉ាងក្រៃលែង។

 

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណ ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។

 

សម្រាប់ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី តាមទីកន្លែងសំខាន់ៗផងដែរ។

 

ជូនពរកីឡាករប្រណាំងទូកទាំងអស់ ធ្វើដំណើរត្រឡប់ទៅខេត្តវិញប្រកបដោយ សេចក្តីសុខ សុវត្ថិភាព គ្រប់ៗគ្នា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *