សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា បន្ទាប់ពីបានដឹកនាំគណៈប្រតិភូអញ្ជើញដល់រដ្ឋធានីប៉េកាំង និងបានអញ្ជើញដាក់ កម្រង ផ្កាគោរពវិញ្ញាណក្ខន្ធវិរបុរសចិន នៅស្តុបអនុស្សាវរីយ៍វិរបុរសចិន មហាទីលានធានអានមិន នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក៏បានអញ្ជើញជួបជាមួយ លោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង ។
តាមកម្មវិធីដែលបានគ្រោងទុក នៅក្នុងដំណើរបំពេញទស្សនកិច្ច ទៅកាន់រដ្ឋធានីប៉េកាំង ជាលើកដំបូងនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងអញ្ជើញជួបពិភាក្សាទ្វេភាគី និងជំនួបសំដែងការគួរសម ជាមួយមេដឹកនាំកំពូលៗរបស់ប្រទេសចិន ក្នុងនោះរួមមាន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តីចិន។