ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស បានដឹកនាំកិច្ចប្រជុំណែនាំគណៈមេប្រយោគប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅសាលប្រជុំវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តម តំណាងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) សមាជិកគណៈកម្មាការមេប្រយោគ អប្បមាទទូទាំងប្រទេសប្រចាំរាជធានីភ្នំពេញ ប្រធាន អនុប្រធានមណ្ឌល និងសមាជិកអង្គភាពប្រឆាំងអំពើពុករលួយ សរុបចំនួនប្រមាណ ២៩៧នាក់។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីណែនាំពីបច្ចេកទេស តួនាទី ភារកិច្ច និងផ្តល់អនុសាសន៍សំខាន់ៗ ដល់គណៈមេប្រយោគទាំងអស់សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៤ ដើម្បីធានាបានថាការប្រឡងដំណើរការដោយគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់គណៈមេប្រយោគ និងបុគ្គលិកអប់រំទាំងអស់ បន្តចូលរួមគោរពបទប្បញ្ញត្តិដែលក្រសួងបានដាក់ចេញឱ្យបានខ្ជាប់ខ្ជួនដើម្បីធានាដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យមានភាពរលូន និងមានតម្លាភាព ដោយគូសបញ្ជាក់ អំពីតួនាទី របស់ប្រធាន និង អនុប្រធានមណ្ឌល ក្នុងការគ្រប់គ្រងស្ថានការណ៍ជាក់ស្តែងនៅក្នុងមណ្ឌលប្រឡង និង តួនាទីរបស់គណៈមេប្រយោគប្រចាំការ ក្នុងការទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេសប្រចាំមណ្ឌលរាជធានី ខេត្ត ដើម្បីប្រមូលព័ត៌មាន ឆ្លើយតបសំណួរ និងដោះស្រាយបញ្ហាបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយព័ត៌មាននានាអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទាន់ពេលវេលា។
ទន្ទឹមនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គភាពប្រឆាំងអំពើពុករលួយ និងភាគីពាក់ព័ន្ធទាំងអស់ ដែលតែងជួយគាំទ្រដល់ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ និងបានរួមចំណែកជំរុញឱ្យដំណើរការនៃកំណែទម្រង់ក្នុងវិស័យអប់រំឱ្យទទួលបានជោគជ័យ ក៏ដូចជាបានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គ្រប់ជាន់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការអនុវត្តកំណែទម្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលជាផ្នែកមួយដ៏សំខាន់ជំរុញឱ្យការប្រឡងដំណើរការទៅបានដោយរលូនតាមការគ្រោងទុក។
ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួង ស្ថាប័នចំនួន៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានីខេត្ត ដែលសហការ និងផ្តល់ការទំនុកបម្រុងគាំទ្រយ៉ាងកក់ក្ដៅចំពោះប្អូនៗសិស្សានុសិស្ស និងបុគ្គលិកអប់រំដែលត្រៀមចូលរួមក្នុងការប្រឡង៕