ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះទង្វើទាំងឡាយ ដែលបង្កើតឡើងដោយ ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដែលប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា៖ “ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត គឺជាទង្វើបំពានច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាច្រកម្ពុជា ដែលមិនអាចអត់ឱនឱ្យបាន និងត្រូវតែទទួលរងនូវវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែង”។
បន្ថែមពីលើនេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា កងយោធពលខេមរភូមិន្ទ និងបណ្តាកងអង្គភាពទាំងអស់ ប្តេជ្ញា និងត្រៀមខ្លួនគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ នៃព្រះរាជណាចក្រកម្ពុជា មិនឱ្យក្រុមឧទ្ទាមណាមួយមកបំផ្លិចបំផ្លាញបានឡើយ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា កងយោធពលខេមរភូមិន្ទ និងបណ្តាកងអង្គភាពទាំងអស់ ប្រកាសប្តេជ្ញាបង្ក្រាបឱ្យខាងតែបាននូវរាល់ឧបាយកលទុច្ចរិតទាំងឡាយ ដែលមានចេតនាបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕
——————