លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ដឹកនាំសមាជិកកិត្តិយស និងសមាជិកាសមាគម រួមនឹងមូលនិធិសប្បុរសធម៌វ័នរ៉ូដ បានរួមគ្នាធ្វើសកម្មភាពមនុស្សធម៌នៅក្នុងខេត្តក្រចេះ ដោយបានចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សជាង ៣០០នាក់ នៅសាលាបឋមសិក្សាភូមិថ្មី ស្ថិតក្នុងភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
នេះជាសកម្មភាពមនុស្សធម៌របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន និងមូលនិធិសប្បុរសធម៌វ័នរ៉ូដ ដើម្បីផ្តល់ស្នាមញញឹមដល់កុមារ ជាពិសេសកុមារដែលមកពីគ្រួសារដែលមានជីវភាពខ្វះខាត ដើម្បីពួកគេមានសម្ភារប្រើប្រាស់សម្រាប់គាំទ្រដល់ការសិក្សារៀនសូត្ររបស់ពួកគេ។
ក្នុងឱកាសនោះលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានថ្លែងថា ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល។
លោកជំទាវ ក៏បានជូនពរក្មួយៗកុមារាកុមារីទាំងអស់ទទួលបាននូវសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ និងបានលើកឡើងថា ស្នាមញញឹមរបស់កុមារា កុមារី ជាស្នាមញញឹមរបស់មាតា បិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំង ថ្លែងអំណរគុណដល់មូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដែលបានចូលរួមគាំទ្របេសកកម្មមនុស្សធម៌របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងបានផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា៕