ព័ត៌មាន

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា សរសើរក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុកទាំង៧ នៃខេត្តក្រចេះ ដែលខិតខំប្រឹងប្រែងដោយភាពស្វាហាប់ និងការទទួលខុសត្រូវក្នុងការបម្រើប្រជាពលរដ្ឋ ………

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងកោតសរសើរក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុកទាំង៧ នៃខេត្តក្រចេះ ដែលខិតខំប្រឹង ប្រែងដោយភាពស្វាហាប់ និងការទទួលខុសត្រូវក្នុងការបំរើប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំប្រទេសជាតិបានកាន់តែរីកចំរើន និងបន្តរក្សាបានសុខសន្តិភាពយ៉ាងរឹងមាំ។

 

ឯកឧត្តម បន្ថែមថា លទ្ធផលការងារដ៏ល្អនេះបានបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាពគ្នាដ៏ល្អរវាងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលបានសហការគ្នាក្នុងការបំរើបងប្អូនប្រជាពលរដ្ឋ ជាពិសេសឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជននោះគឺការធានាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍដែលជាកត្តាសំខាន់ចាំបាច់បំផុតដែលយើងទាំងអស់គ្នាត្រូវការ។ ដូច្នេះហើយក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរដែនដី ក្រុង ស្រុក ចាំបាច់ណាស់ត្រូវមានវិធានការគ្រប់បែបយ៉ាងទាំងអស់ដើម្បីធានាអោយបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ។

 

ការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា ក្នុងឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃ0៦ ខែសីហា ឆ្នាំ២០២៤ នាសាលមហោស្រពខេត្តក្រចេះ។

 

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទិសដៅសំខាន់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត គឺមានបេសកកម្មរួមមួយដោយត្រូវអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ ក្រុមការងារថ្នាក់ជាតិ គឺជាចំណងភ្ជាប់រវាងរដ្ឋាភិបាលថ្នាក់ជាតិជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដោយជួយតម្រង់ទិស គាំទ្រ និងជួយជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើនិងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

 

ឯកឧត្តមប្រធានក្រុមការងារបានផ្តាំផ្ញើប្រធាន អនុប្រធាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រុងទាំង៧ ក្នុងខេត្តក្រចេះ ត្រូវបន្តការផ្សារភ្ជាប់នូវទំនាក់ទំនងល្អជាប្រជាពលរដ្ឋ ហើយបន្តរៀបចំវេទិកាសាធារណៈនៅតាមឃុំ ស្រុកនានាដើម្បីស្តាប់នូវសំណើ សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ នឹងអ្វីដែលជាការចង់បាន ឬក៏ការបង្ហាញនូវការពេញចិត្តរបស់ប្រជាពលរដ្ឋចំពោះការបំរើសេវាធារណៈរបស់អាជ្ញាធរដែនដី និងមន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។

 

ជាមួយគ្នានេះ ក៏ជាការពាំនាំនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបាន សម្រេចហើយជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជម្រាបជូនដល់ពួកគាត់ ហើយក៏នាំយកនូវសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ មកជូនរដ្ឋាភិបាល ក្នុងករណីមិនអាចដោះស្រាយបាន នៅនឹងកន្លែង។

 

បន្ទាប់ពីអង្គប្រជុំបានស្តាប់របាយការណ៍លើកឡើងដោយលោក ដួង ពៅ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អំពីលទ្ធផលនៃការចុះធ្វើសកម្មភាពការងារ និងជួបបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលទាំង៧ក្រុងស្រុករួចមក ឯកឧត្រម វ៉ា ថន អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិកក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ដែលបានប្រឹងប្រែងរួមសហការសាមគ្គីក្នុងការបំពេញកិច្ចការងារ កន្លងមកបានយ៉ាងល្អ។

 

ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បាន លើកឡើងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្រុមការងាររាជរដ្ឋាភិបាល ហើយបានធ្វើការដាក់ចុះទិសដៅការងារបន្តដើម្បីពង្រឹងប្រសិទ្ធិភាពការងារ និងពង្រីកភាពខ្លាំងរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីបន្តសកម្មភាពបំរើប្រជាពលរដ្ឋ នៅគ្រប់តំបន់មូលដ្ឋានក្នុងខេត្តបានកាន់តែល្អប្រសើរបន្ថែមទៀត។

 

អភិបាលខេត្ត បានគូសបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដែលចុះមកនេះគឺមិនមែនមកធ្វើកិច្ចការងារជំនួសអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ អាជ្ញាធរដែនដីនោះទេ ប៉ុន្តែគឺជាការចូលរួមគំនិតយោបល់ គាំទ្រទៅលើស្មារតី បច្ចេកទេសក្នុងការសម្រេចបាននូវកិច្ចការងារបំរើផលប្រយោជន៍អោយប្រជាពលរដ្ឋ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *