ព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែងមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយក នាយករងទីចាត់ការ និងប្រធានការិយាល័យចំណុះសាលាខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មាន ប្រសាសន៍ថា ការប្រកាសមុខតំណែងមន្ត្រីរាជការសាលាខេត្តនាពេលនេះ គឺជាការសម្រួលមន្ត្រីរាជការក្នុងសាលាខេត្តព្រះសីហនុ ដែលបានបំពេញការងារដោយយកចិត្តទុកដាក់ ការទទួលខុសត្រូវពិសេសការពិនិត្យលទ្ធផលការងារ លក្ខខណ្ឌមន្ត្រីក្នុងអង្គភាពខេត្ត ម្យ៉ាងទៀតការតំឡើងតួនាទីនាយកទីចាត់ការរដ្ឋបាល ជានាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ។ ប្រធានអង្គភាពច្រកចេញ-ចូលតែមួយ ជានាយកទីចាត់ការរដ្ឋបាល និងលោកស្រីនាយករងទីចាត់ការធនធានមនុស្ស ជាប្រធានអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន បន្តថារដ្ឋបាលខេត្ត ក៏ដូចជាក្រុមប្រឹក្សាខេត្ត បានពិនិត្យនិងសម្រេចធ្វើការផ្លាស់ប្តូរភារកិច្ច ប្រកាសមុខតំណែងដោយផ្អែកលើលក្ខណៈសម្បត្តិ និងតម្រូវការចាំបាច់ក្នុងការបំពេញការងាររបស់មន្ត្រីរាជការសាលាខេត្តព្រះសីហនុ ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ដោយពិនិត្យឃើញ ថាការកែសម្រួលមន្ត្រីរាជការសាលាខេត្ត ដើម្បីភាពជោគជ័យសម្រាប់អង្គភាពរបស់យើង ដែលបានបំពេញការងារប្រកបដោយជោគជ័យ ធានាបានគុណភាព ប្រកបដោយតម្លាភាព សម្រាប់មន្ត្រីបន្តវេន ។ ដូច្នេះមន្ត្រីរបស់យើងត្រូវមានគុណតម្លៃ និងកិច្ចសហប្រតិបត្តិការឱ្យបានល្អក្នុងអង្គភាពផ្តល់កិច្ចសហការគ្នា គាំទ្រដំណើរការក្នុងទីចាត់ការនីមួយៗ ហើយអ្នកដែលយើងបានជ្រើសរើសប្រកាសមុខតំណែងត្រូវខិតខំបំពេញការងារឱ្យទទួលបានជោគជ័យផ្អែកលើលទ្ធផលបំពេញការងារជាក្រុម សាមគ្គីភាពផ្ទៃក្នុងដឹកនាំក្នុងអង្គភាព។មន្ត្រីក្នុងអង្គភាពច្រកចេញ-ចូលតែមួយ ត្រូវមានគណនេយ្យភាពប្រកបដោយឆន្ទ: ចូលរួមបំពេញការងារតាមតួនាទីភារកិច្ចឱ្យទទួលបានជោគជ័យក្នុងអង្គភាពខ្លួន ដើម្បីបំរើសេវាសាធារណៈជូនអតិថិជនកាន់តែទទួលខុសត្រូវខ្ពស់ ធានាបានការគាំទ្រពីមហាជនក្នុងខេត្តព្រះសីហនុ ៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ