ឯកឧត្តម រដ្ឋមន្រ្តី សុខ សូកេន បង្ហាញការជឿជាក់ថា ចរន្តទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា នឹងអាចវិលទៅរកស្ថានភាពដូចមុនការរាតត្បាតជំងឺកូវីដ-១៩ឡើងវិញ គ្រាដែលរាជរដ្ឋាភិបាល វិស័យឯកជនភាគីពាក់ព័ន្ធ ព្រមទាំងអ្នកសារព័ត៌មាន ខិតខំរួមគ្នា ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្ត«បង្កើន៥ និងអភិវឌ្ឍន៍៣» ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ»។
យុទ្ធសាស្រ្តថ្មីនេះ សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។ យុទ្ធសាស្ត្រចំនួន៣ ដែលត្រូវបានកំណត់រួមមាន៖ ភាពប្រកួតប្រជែងទេសចរណ៍, ចីរភាពទេសចរណ៍, និងបរិយាបន្នទេសចរណ៍។