សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការរំពឹងទុកថា តាមរយៈការដាក់ចេញ «ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» ដែលសម្ដេចបានអនុម័តរួចហើយនោះ វិស័យទេសចរណ៍កម្ពុជា នឹងងើបឡើងវិញ ជាមួយនឹងការទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១ លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៥។
នៅក្នុងលិខិតអារម្ភកថានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ផែនទីចង្អុលផ្លូវនេះ បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់សម្រាប់ការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោយជំងឺកូវីដ-១៩ ដោយបានបង្ហាញថា កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ យ៉ាងយូរនៅឆ្នាំ២០២៥ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១ លាននាក់ នៅឆ្នាំ២០២៣ ឡើងវិញ»។
ក្នុងន័យនេះ វិស័យទេសចរណ៍កម្ពុជាត្រៀមនឹងងើបឡើងវិញអាចក្រោមទម្រង់ជាអក្សរ U សម្រាប់ទេសចរណ៍អន្តរជាតិ និងទម្រង់អក្សរ V សម្រាប់ទេសចរណ៍ក្នុងស្រុក។
ក្នុងសារលិខិតដដែលនេះបានបញ្ជាក់ទៀតថា ជំងឺកូវីដ-១៩ បានបង្កឱ្យមានវិបត្តិដែលមិនធ្លាប់កើតមានឡើង និងបានផ្តល់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់កម្ពុជា តំបន់ និងសកលលោក។ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បាននាំឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាធ្លាក់ចុះ ៨០.២% និងភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះក្នុងរង្វង់ប្រមាណ ២០% ជាមួយនឹងការខាតបង់ប្រាក់ចំណូលប្រមាណ ៣ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០។